រដ្ឋមន្រ្តីក្រសួងកសិកម្មគូសបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាប់ ត្រូវពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងផ្សព្វ ផ្សាយ អំពីបច្ចេកវិទ្យាកសិកម្មនៅថ្នាក់ ឧត្តម សិក្សា

អត្ថបទដោយ៖
ជា សេឌី

នេះជាប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុង ឱកាសក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា២០២១ ។

បន្ទាប់ពីស្តាប់ការលើកឡើងឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដែលជាអតីតនាយកវិទ្យាស្ថាន ជាតិកសិកម្មកំពង់ចាម បានរាយការណ៍ជូនអង្គពិធីជ្រាបរួចមក  ឯកឧត្តមរដ្ឋមន្ត្រី វេង     សាខុន បានសម្តែងនូវសេចក្តីសោមនស្ស និងចូលរួមអបអរជាមួយសាស្រ្តាចារ្យ លោក គ្រូ អ្នកគ្រូ និស្សិត និងអាជ្ញាធរខេត្ត ជាពិសេស ឯកឧត្តម ហែម វីរ: ជានាយកវិទ្យាស្ថានថ្មីដែលនឹងចូលកាន់តំណែងចាប់ពីពេលនេះតទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់របស់វិទ្យាស្ថាន ដោយទទួលបាននូវសមិទ្ធផល ស្នាដៃជាច្រើនគួរជាទីមោទនៈ ហើយការលះបង់ទាំងកំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត សម្រេចទទួលបានសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ខេត្តកំពង់ចាម ស្តែងចេញឲ្យឃើញយ៉ាងច្បាស់អំពីការរីកចម្រើននៃវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធីជ្រាបដោយសង្ខេបថា ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានបង្វែរទិសដៅ ផ្តោតភ្ជង់មកលើវិស័យកសិកម្មជាពិសេស ដោយបានជំរុញ គាំទ្រ លើកទឹកចិត្ត និងជួយឧបត្តម្ភប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាសន្តិសុខស្បៀង ផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើតឱកាសការងារ តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព ធានាបាននូវគុណភាព សុវត្ថិភាពកសិផល ដើម្បីធ្វើការនាំចេញ ។

 ក្នុងនោះដែរឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម ៖

ទី១- ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងមធ្យោបាយសម្ភារបង្រៀន ឯកសារបង្រៀន ការងារពិសោធន៍ ស្រាវជ្រាវក្នុង និងក្រៅមន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ក៏ដូចជាគោលនយោយបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ និងគោលនយោបាយសំខាន់ៗផ្សេងៗទៀត។

ទី២- ស្វះស្វែង កៀរគរ រកប្រភពជំនួយឧបត្ថម្ភទាំងធនធានមនុស្ស សម្ភារ និងថវិកា ពីគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។

ទី៣- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន សហគមន៍កសិកម្ម ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យការអនុវត្តផែនការសកម្មភាពអភិវឌ្ឍធនធានមនុស្សប្រព្រឹត្តដោយរលូន ផ្លែផ្កា និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ថាមន្ត្រីរាជការក្រោមឱវាទទាំងអស់ នឹងខិតខំបំពេញ​ភារកិច្ចរបស់ខ្លួនទៅតាមការបេ្តជ្ញាចិត្តរបស់ឯកឧត្តម នាយកវិទ្យាស្ថាន ក្នុងស្មារតីសាមគ្គីភាព ភាតរភាព យោគ​យល់គ្នា និងរួមសហការឲ្យបានល្អប្រសើរជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ជាតិ-អន្តរជាតិ ហើយសង្ឃឹមថាគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ នឹងបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវ​កិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យកសិកម្ម៕ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner