ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង Covid-19 លើស្ត្រីមានផ្ទៃពោះ
អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់(ភីហ្វីហ្សឺ-បាយអូអិនធិច)បានចាប់ផ្តើមការសិក្សាជាអន្តរជាតិជាមួយអ្នកស្ម័គ្រចិត្តចំនួន៤ពាន់នាក់ ដើម្បីវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង Covid-19 របស់ខ្លួន ចំពោះស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ ។
ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច បានគូសបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះនៅសហរដ្ឋអាមេរិកបានទទួលការចាក់លើកដំបូងរបស់ពួកគេរួចហើយ ខណៈការស្រាវ ជ្រាវថ្មីនេះ នឹងធ្វើតេស្តលើស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅសហរដ្ឋអាមេរិក កាណាដា អាហ្សង់ទីន ប្រេស៊ីល ឈីលី ម៉ូសំប៊ិក អាហ្វ្រិកខាងត្បូង អង់គ្លេស និងអេស្ប៉ាញ ។ ស្ត្រីនឹងទទួលបានវ៉ាក់សាំងក្នុងអំឡុងពេលសប្តាហ៍ទី២៤ដល់៣៤ នៃការមានគភ៌ ដោយទទួលការចាក់វ៉ាក់សាំង២ដងក្នុងរយៈពេល២១ថ្ងៃ ។
សូមជម្រាបថា ស្ត្រីមានផ្ទៃពោះគឺមានហានិភ័យខ្ពស់ក្នុងការវិវត្តធ្ងន់ធ្ងរនៃជំងឺ Covid-19 ហើយមន្ត្រីសុខាភិបាលសាធារណៈជាច្រើនបានណែនាំឲ្យស្ត្រី ដែលមានហានិភ័យខ្ពស់ត្រូវចាក់វ៉ាក់សាំងការពារជំងឺនេះ បើទោះបីជាគ្មានភស្តុតាងបញ្ជាក់ថា វ៉ាក់សាំងមានសុវត្ថិភាពសម្រាប់ពួកគេក៏ដោយ ៕ ប្រភព៖ Reuters
