លោក ចូ បៃដិន លុបចោលការសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់
អាមេរិក៖ រដ្ឋបាលលោក ចូ បៃដិន សម្រេចលុបចោលការដាក់ទណ្ឌកម្មឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើប្រទេសអ៊ីរ៉ង់ ដែលជាសេចក្តីប្រកាសនេះ អាចនឹងជួយទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ដើម្បីរំសាយកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ។
កន្លងមក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ដែលគេស្គាល់ថា JCPOA ខាងលើនេះកាលពីឆ្នាំ២០១៨ ដោយលោកបានចោទថា ប្រទេសអ៊ីរ៉ង់បានបំពាន និងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ ។ យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក រីឆាដ មៀលស៍ តាងនាមឲ្យលោក ចូ បៃដិន បានផ្ញើលិខិតមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចលុបចោលវិញ នូវលិខិតចំនួន ០៣ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែកញ្ញាកន្លងទៅ ដែលបានសម្រេចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើអ៊ីរ៉ង់ ។
បន្ថែមលើនេះ ក្រសួងការបរទេសអាមេរិកក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកនឹងទទួលយកការអញ្ជើញពីសហភាពអឺរ៉ុប ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពីសំណាក់បណ្តាប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និងអ៊ីរ៉ង់ ៕ ប្រភព៖ AP


