ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ផ្តល់នូវកិច្ចជំនួបពិភាក្សាការងារ ជាមួយស្ថានទូតនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប

អត្ថបទដោយ៖
Kien Sereyvuth

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានផ្តល់នូវកិច្ចជំនួបពិភាក្សាការងារជាមួយ និងគណៈប្រតិភូមួយក្រុមរបស់សហភាពអឺរ៉ុបក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំ របស់ទីប្រឹក្សា នៃប្រតិភូសហភាពអឺរ៉ុបនិងស្ថានទូត នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ដឹកនាំដោយឯកឧត្តម Tihamer Czika ជាអនុប្រធានបេសកកម្ម នៃគណៈប្រតិភូប្រចាំនៅប្រទេសកម្ពុជា រួមនិងវត្តមានស្ថានទូត នៃប្រទេសអាល្លឺម៉ង់ ប្រទេសស៊ុយអែត ប្រទេសបារាំងនិងប្រទេសឆេកផងដែរ។

       តាមរយៈក្នុងដំណើរបេសកកម្មរបស់ខ្លួននេះ ឯកឧត្តម Tihamer Czika បានគូសបញ្ជាក់ឲ្យដឹងថា៖ គឺក្នុងគោលបំណង ដើម្បីបានស្វែងយល់ពីកត្តាសំខាន់ៗមួយចំនួនរបស់ប្រជាជនកម្ពុជា។ ជាពិសេស ប្រជាជនក្នុងខេត្តបាត់ដំបង ទាំងសេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍ។រួមទាំងតម្រូវការផ្សេងៗ ទៀតរបស់ខេត្តដើម្បីស្តារឡើងវិញ ហើយនឹងពិនិត្យមើលនូវដំណើរការផ្តល់ជំនួយនៃគម្រោង ដែលជួយគាំទ្រ ដោយសហភាពអឺរ៉ុបកន្លងមក។

      ឯកឧត្តមតំណាងប្រតិភូសហភាពអឺរ៉ុប និងជាអនុប្រធានបេសកកម្ម ក៏បានផ្តោតនូវគោលបំណងសំខាន់នូវកិច្ចជំនួបពិភាក្សាការងារនេះនិងដើម្បីទទួលបាននូវព័ត៌មានពីផលប៉ះពាល់នៃទឹកជំនន់កន្លងមក និងពីយុទ្ធសាស្ត្ររបស់ខេត្តដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងដើម្បីស្វែងយល់ដឹងពីកត្តាចំពោះផលប៉ះពាល់របស់ជម្ងឺកូវីដ-19 បានជះឥទ្ធិពលប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងខេត្តដូចម្តេចខ្លះ?ក្នុងនោះខេត្តមានដំណោះស្រាយដូចម្តេច។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានសម្តែងនូវការស្វាគមន៍រាក់ទាក់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុបនៅថ្ងៃនេះ ហើយឯកឧត្តម ក៏បានវាយតម្លៃខ្ពស់តាមរយៈដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់ទីប្រឹក្សានៃប្រតិភូសហភាពអឺរ៉ុប និងបេសកកម្មរបស់តំណាងស្ថានទូតនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តោតពីដំណើទស្សនកិច្ចរបស់ខ្លួនដើម្បីជួបជាមួយនិងស្ថាប័ននៅក្នុងតំបន់ តំណាងអង្គការសង្គមស៊ីវិល សហគមន៍ និងដៃគូគម្រោងនានា ដែលកំពុងអនុវត្តគម្រោងជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីជួយដល់ក្រុមគ្រួសារ ដែលទទួលរងការប៉ះពាល់ពីគ្រោះទឹកជំនន់ក្នុងខេត្តបាត់ដំបងកន្លងមក។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានជម្រាបជូនភ្ញៀវឲ្យដឹងផងដែរថា៖កន្លងមកនេះបញ្ហាប្រឈមនិងជាឧបសគ្គដល់ការអភិវឌ្ឍន៍ក្នុងសង្គមជាតិ ជាពិសេសខេត្តបាត់ដំបង ក្រោយពីទទួលរងនូវគ្រោះទឹកជំនន់ដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម្រាប់ខេត្ត និង បញ្ហាជាសាកលពីការរាតត្បាតនៃជម្ងឺកូវីដ-19 បានធ្វើឲ្យកំណើនសេដ្ឋកិច្ចនិងស្ថានភាពជីវភាពរស់នៅនិងការប្រកបនូវមុខរបរប្រជាពលរដ្ឋជួបការលំបាកនិងរងនូវផលប៉ះពាល់ដែលតម្រូវឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយគាំពារសង្គមមួយចំនួន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រនិងថែមទាំងបានផ្តល់នូវសាច់ប្រាក់ជួយពលរដ្ឋក្រីក្រទាំងនោះទៀតផង។

      ឯកឧត្តមក៏បានជម្រាបភ្ញៀវឲ្យដឹងផងដែរថា៖ ការជួយប្រជាពលរដ្ឋរងគ្រោះនិងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កន្លងមក ទាំងរាជរដ្ឋាភិបាលទាំងរដ្ឋបាលគ្រប់ថ្នាក់ ទាំងសប្បុរសជន និងដៃគូអភិវឌ្ឍន៍ បណ្តាសង្គមស៊ីវិល បានជួយជា ស្បៀងអាហារដល់ប្រជាពលរដ្ឋជាង១០ម៉ឺនគ្រួសារ។និងប្រជាកសិករជាង១ម៉ឺនគ្រួសារ ទទួលបាននូវពូជស្រូវនិងពូជបន្លែបង្ការពីរាជរដ្ឋាភិបាលក្នុងការស្តារជីវភាពរបស់ខ្លួន ដែលមកដល់ពេលនេះបងប្អូនទាំងនោះទទួលបានផលបណ្តើរៗហើយ។ហើយបញ្ហាប្រឈមពីជម្ងឺកូវីដ-19និងលំហូរប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃកន្លងមក មានចំនួន សរុបជាង ៧.០០០នាក់ បងប្អូនទាំងនោះត្រូវបានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចតាមមាត់ច្រកព្រំដែន បានកំណត់និងអនុវត្តនូវវិធានសុវត្ថិភាពក្នុងការដាក់ឲ្យពលករទាំងនោះ ចូលធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមមណ្ឌលចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែន ដែលពួកគេបានឆ្លងចូលមកកម្ពុជាវិញ ដើម្បីត្រួតពិនិត្យសុខភាពតាមវិធានសុខាភិបាល និងវិធានការណែនាំ របស់ រាជរដ្ឋាភិបាល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner