អភិបាលរាជធានីភ្នំពេញ ជំរុញអោយអាជ្ញាធរបន្តសកម្មភាពផ្សព្វផ្សាយ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយរាលដាលចូលទៅដល់សហគមន៍
ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ មានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួនជាង៤០កន្លែង ស្ថិតនៅក្នុងចំនួន៨ខណ្ឌ ចំណុះអោយរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ កុំអោយរាលដាលចូលទៅដល់សហគមន៍។
នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ គិន សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ គិន សុធី បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញមានមណ្ឌលចត្តាឡីស័កចំនួន៤១កន្លែង ស្ថិតនៅក្នុងខណ្ឌចំនួន៨ចំណុះអោយរាជធានីភ្នំពេញ ក្នុងនោះមានទាំងសណ្ឋាគារសុខា មណ្ឌលចត្តាឡីស័ករបស់រាជធានីភ្នំពេញ ដែលស្ថិតជិតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ មណ្ឌលចត្តាឡីស័កចាក់អង្រែលើ មណ្ឌលចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ហើយក្នុងចំណោមមណ្ឌលចត្តាឡីស័កទាំងនេះ យើងបានប្រើប្រាស់កម្លាំងចំនួន ៤០២នាក់ ក្នុងនោះប៉ូលីសអន្តរាគមន៍ចំនួន៧០នាក់ ក្រៅពីនោះគឺជាសមត្ថកិច្ចនៅតាមមូលដ្ឋានខណ្ឌនីមួយៗ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរំលឹកឲ្យមានការប្រុងប្រយ័ត្នឡើងវិញ ដោយសារថា មកដល់ពេលនេះ ប្រជាពលរដ្ឋហាក់ដូចជាលែងមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ហើយ ។ ក្នុងនាមអាជ្ញាធរដែនដីទាំង១៤ខណ្ឌ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះណែនាំ ផ្សព្វផ្សាយជាប្រចាំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ជម្ងឺកូវីដ-១៩ឡើងវិញ ខណៈដែរ កាលពីមុនយើងអនុវត្តបានល្អ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មជាមួយយើងផងដែរ ដែលធ្វើឱ្យយើងអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះយើងនឹងពិភាក្សារកចំណុចគន្លឹះ រកចំណុចចន្លោះប្រហោង ដើម្បីយើងយកចំណុចទាំងនោះមកបំពេញបន្ថែម និងអនុវត្តអោយចំគោលដៅ ក្នុងកិច្ចការពារនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ៕