ថ្នាក់ដឹកនាំខេត្តបាត់ដំបង ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រជ័យលាភី ជូនកីឡាករ កីឡាការនី មេដាយថ្នាក់ជាតិ ១៨នាក់
បាត់ដំបង៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និង ឯកឧត្តម ងី សែត សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ ជ័យលាភី ជូនកីឡាករ កីឡាការនី មេដាយថ្នាក់ជាតិ ១៨នាក់ ជាមួយលោក Hajime Saito ប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូ ឥណ្ឌូចិន ដោយសោមន្សរីករាយ ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។
ក្នុងឱកាសសំណេះសំណាល នេះ ឯកឧត្តម ណុប ដារ៉ា បានកោតសរសើរចំពោះលទ្ធផលដែលក្រុមកីឡាករ កីឡាការនី ទាំង ១៨នាក់ ដោយបានវាយតម្លៃខ្ពស់ និងជំរុញផងដែរ ដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្តខិតខំហ្វឹកហាត់អោយបានខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រជែងយកមេដាយអោយបានកាន់តែច្រើន ពីការប្រកួតកីឡាផ្សេងៗទៀត ដែលនឹងធ្វើឡើងនៅពេលខាងមុខ ៕ ដោយ៖ វណ្ណលុក