ក្រសួងសុខាភិបាលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដល់ខេត្តចំនួនប្រាំបួននៅជាប់បន្ទាត់ព្រំដែនកម្ពុជា

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី22 ខែកុម្ភៈនេះតទៅជាពេលវេលាដែលកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-19 ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តជាប់បន្ទាត់ព្រំដែ​ន​កម្ពុជាចំនួនប្រាំបួន ចាប់ផ្ដើមដំណើរការដូចការគ្រោងទុករបស់ក្រសួងសុខាភិបាល។ ចំណែកការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញនៅតែបន្តធ្វើដដែល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះកាលពីល្ងាចថ្ងៃទី 21 កុម្ភៈកន្លងទៅ។ 

ក្រសួងសុខាភិបាលបានឱ្យដឹងថា មកទល់ពេលនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស៊ីណូហ្វាម ជាជំនួយរបស់ប្រទេសចិន បានបញ្ជូនទៅដលខេត្តគោលដៅចំនួនប្រាំបួននៅតាមបន្ទាត់ព្រំដែនកម្ពុជា។ ខេត្តទាំងប្រាំបួននោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ខេត្តពោធិសាត់ និងខេត្តកែប។ កម្មវិធីចាក់វ៉ាក់សាំងនៅតាមបណ្ដាខេត្តទាំងនេះ ចាប់ផ្ដើមពីថ្ងៃចន្ទ ទី 22 កុម្ភៈ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ប្រាំបីព្រឹកដល់ម៉ោងប្រាំល្ងាច។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ខេត្តទាំងប្រាំបួននៅជាប់ព្រំដែន។

សម្រាប់ប្រជាពលរដ្ឋនៅ ខេត្តបាត់ដំបង ការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកមោងឬស្សី មន្ទីរពេទ្យបង្អែកសង្កែរ មន្ទីរពេទ្យបង្អែក សំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល។ ដោយឡែកនៅខេត្តឧត្តរមានជ័យ មាននៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង។ ចំណែកនៅខេត្តប៉ៃលិន នៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ខេត្តកោះកុង នៅមន្ទីរពេទ្យកោះកុង និងមន្ទីរពេទ្យtបង្អែកស្រែអំបិល។

ក្រសួងសុខភិបាលបញ្ជាក់បន្តថា ខេត្តព្រះសីហនុ ការចាក់វ៉ាក់សាំងមាននៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ខេត្តស្វាយរៀង មានមន្ទីរពេទ្យចំនួនប្រាំ ដូចជា មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។ ទន្ទឹមគ្នានេះ ខេត្តពោធិសាត់ ការចាក់វ៉ាក់សាំងមាននៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបាកាន មន្ទីរពេទ្យបង្អែកក្រគរ និងមន្ទីរពេទ្យបង្អែកក្រវ៉ាញ។ ខេត្តកែប ការចាក់វ៉ាក់សាំងប្រព្រឹត្តទៅនៅមន្ទីរពេទ្យខេត្តកែប។

ការចាក់វ៉ាក់សាំងនៅតាមបណ្ដាខេត្តខាងលើផ្ដល់អាទិភាពដល់ក្រុមគ្រូពេទ្យ បុគ្គលិកមន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត សម្រា​ប់​​អ្នកមានអាយុចាប់ពី 18 ដល់ 59 ឆ្នាំ។ ប្រជាពលរដ្ឋមិនស្ថិតក្នុងក្រុមអាទិភាព ប៉ុន្តែមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងដែរ ក្រសួងសុខាភិបាលស្នើឱ្យរង់ចាំ ដោយហេតុផល​វ៉ាក់សាំងមានចំនួនកំណត់។ ទន្ទឹមគ្នានេះ ក្រសួងត្រូវធានាថា អ្នកដែលបានទទួលវ៉ាក់សាំងដូសទីមួយរួច អាចទទួលវ៉ាក់សាំងដូសទីពីរ ស្របតាមបច្ចេកទេសនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner