ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមបណ្តុះបណ្តាលមន្ត្រីបង្គោល នៅសាលាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ បន្ទាប់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយអំពីការប្រើប្រាស់បច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩” កាលពីម្សិលមិញ នៅថ្ងៃនេះមន្ត្រីជំនាញក្រសួងបានបែងចែកគ្នាជា១៤ក្រុម ដើម្បីចុះទៅបណ្តុះបណ្តាលនៅសាលាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីបង្គោលនៅមូលដ្ឋាន ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានា នៅរាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១- តាមរយៈកិច្ចសហការល្អរវាងមន្ត្រីជំនាញក្រសួងនិងរដ្ឋបាលខណ្ឌ អ្នកចូលរួមទាំងអស់យល់ដឹងពីរបៀបនៃការស្កេន QR Code និងការបង្កើត QR Code
២-ក្រសួងក៏បានបទបង្ហាញពីលទ្ធផលនៃការស្កេន QR Code នូវសញ្ញាទាំងបី(ធម្មតា គួរឱ្យសង្ស័យ និងហានិភ័យ) ដើម្បីបានដឹងពីស្ថានភាពជាក់ស្តែងរបស់អ្នកស្កេន ស្របតាមការកំណត់របស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ដូចមានភ្ជាប់ជូន។
៣-រដ្ឋបាលខណ្ឌទាំង១៤ បាននឹងកំពុងផ្សព្វផ្សាយបន្តដល់អាជីវករ និងគ្រឹះស្ថាននានានៅមូលដ្ឋានដើម្បីបង្កើត និងដាក់ឱ្យប្រើប្រាស់ QR Code នេះ។

គិតត្រឹមរសៀលនេះ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ១៨,៣៤១ ទីតាំងបានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។

ជាថ្មីម្ដងទៀត ក្រសួងសូមអំពាវនាវ ដល់ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានាដែលមិនទាន់បានប្រើប្រាស់ QR Code “ទប់ស្កាត់កូវីដ-១៩” នេះ សូមមេត្តារួសរាន់បង្កើត QR Code ដើម្បីបិទនៅទីតាំងរបស់ខ្លួន ព្រមទាំងជំរុញឱ្យអ្នកចូល-ចេញទាំងអស់ ស្កេន QR Code នេះ។ ក្រសួងក៏សូមអំពាវនាវដល់សាធារណជន ទាំងអស់ចូលរួមសហការ ស្កេន QR Code នេះ នៅតាមទីតាំងដែល មានដាក់ QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” តាមរយៈ គេហទំព័រ stopcovid.gov.kh ដោយចុចលើពាក្យÒចាប់ផ្តើមស្កេនÓ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩” សូមទាក់ទងទៅកាន់ មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ លេខទូរសព្ទ 123 (ហៅចូលដោយឥត គិតថ្លៃ) ឬ 099 888 516 | 012 979 079 ឬគេហទំព័រ www.mptc.gov.kh និងទំព័រហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner