អាជ្ញាធររាជធានីភ្នំពេញ ព្រមានបិទអាជីវកម្ម ឬកម្មវិធីចោលភ្លាមៗបើមិនអនុវត្តតាមការណែនាំ
អាជ្ញាធររាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2021 នេះបានចេញសេចក្តីណែនាំថ្មីមួយស្តីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្តិភាពបុគ្គលនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីណែនាំនោះបានបញ្ជាក់ថា រយៈពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថាប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួនបានអនុវត្តតាមវិធានការរបស់អាជ្ញាធរ (3 ការពារ និង3កុំ) ខណៈមនុស្សមួយចំនួននៅមិនទាន់បានអនុវត្តវិធានការទាំងនេះបានល្អនៅឡើយ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ក្នុងកម្មវិធីជួបជុំផ្សេងៗ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនរក្សាសុវត្ថិភាពសង្គម និងគម្លាតបុគ្គលឱ្យបានត្រឹមត្រូវនោះទេ ហើយថែមទាំងមានការបំពានចាប់ដៃគ្នា កៀកស្មាគ្នា ឱបរឹតគ្នា ភ្លេចការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-19។
ចំពោះមុខស្ថានភាពដែលព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ កំពុងរងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជន អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញនូវវិធានការម៉ឹងម៉ាត់ដើម្បីឱ្យប្រជនចាំបាច់ត្រូវតែអនុវត្ត។ ប្រសិនបើនៅតែមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន នឹងត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬបិទអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕