រដ្ឋបាលខេត្តកំពតត្រៀមអគារបីកន្លែងបន្ថែមទៀតសម្រាប់ទុកធ្វើចត្តាឡីស័ក
កំពត៖ ដោយអនុវត្តតាមការណែនាំក៏ដូចជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពតបានរៀបចំអគារបីកន្លែងបន្ថែមទៀតសម្រាប់ត្រៀមទុកធ្វើចត្តាឡីស័ក ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេស។ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមជាវ តាយអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានចុះពិនិត្យទីតាំង អគារមួយចំនួនដែលរដ្ឋបាលខេត្តកំពត បានត្រៀមសម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលមានប្រជាពលរដ្ឋវិលត្រឡប់មកពីធ្វើការក្រៅប្រទេស។ ពិសេសពលករវិលត្រឡប់ពីធ្វើការនៅប្រទេសថៃដែលអាចមានចំនួនច្រើន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។
ទីកន្លែងថ្មីបន្ថែមសម្រាប់ធ្វើចតាឡីស័ក ចំនួន៣កន្លែងនោះមាន ទី១នៅអគារចាស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត, ទី២នៅសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងទី៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រីខេត្ត ដែលទីតាំងទាំងពីរនេះស្ថិតនៅក្នុងភូមិជុំគ្រៀលឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត ដែលមានបន្ទប់ប្រមាណពី ៧០ ទៅ៨០បន្ទប់ ខណៈកន្លងមករដ្ឋបាលខេត្តបានត្រៀមបន្ទប់នៅតាមមន្ទីរពេទ្យបង្អែកចំនួន៥ ដែលមានបន្ទប់សរុបប្រមាណ ១៧០បន្ទប់នោះ។
ឯកឧត្តមជាវ តាយអភិបាលខេត្តបានលើកបញ្ជាក់ថា បញ្ហាការឆ្លងរាតត្បាតដោយជំងឺកូវីដ១៩ នៅតែជាបញ្ហាសកល ដែលពិភពលោកកំពុងបន្តរួមគ្នាប្រយុទ្ធប្រឆាំងជារៀងរាល់ថ្ងៃ។ ដោយឡែកកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រងស្ថានការ មិនឲ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ទេ។ យ៉ាងណាមិញរដ្ឋបាលខេត្តកំពត តែងតែបានចូលរួមអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាបង្ការទប់ស្កាត់ ចំពោះជំងឺឆ្លងកូវីដ១៩នេះជាប្រចាំផងដែរ។ ជាក់ស្តែងការជ្រើសរើសទីតាំងថ្មីបន្ថែមសម្រាប់ការធ្វើ ចតាឡីស័ក នាពេលនេះ គឺជាការអនុវត្តស្របទៅតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាដល់ដំណើរការធ្វើចត្តាឡីស័ក ក្នុងករណីដែលមានប្រជាពលរដ្ឋក្នុងខេត្ត បានវិលត្រឡប់ពីក្រៅប្រទេស ពិសេសពលករមកពីប្រទេសថៃដែលអាចនឹងមានចំនួនច្រើន ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរនិងណែនាំដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាឲ្យបានល្អក្នុងការរៀបចំទីតាំងអាគារថ្មីបន្ថែមនេះ ឲ្យបានសមរម្យមានទាំងទឹក ភ្លើង និងបន្ទប់សម្រាកស្អាត ប្រកបដោយអនាម័យ និងបរិស្ថានល្អ៕ Sila Sarin