អភិបាលខេត្តបាត់ដំបង និងរៀបចំបន្ថែមមណ្ឌលចត្តាឡីស័កចំនួន០២កន្លែងថ្មីទៀតនិងគ្រោងស្នើ សុំប្រមុខរាជរដ្ឋាភិបាល ក្នុងការតម្លើងរោងតង់បន្ថែមប្រមាណពី៣០-៥០ខ្នងទៀត នៅក្នុងទីតាំងមណ្ឌលចត្តាឡីស័កចាស់ ទាំង៧កន្លែង

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹង នៅព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងខណៈពេលដែលឯកឧត្តម បានដឹកនាំក្រុមការងារខេត្តរួមជាមួយអាជ្ញាធរស្រុកទាំង៣ របស៎ខេត្តបាត់ដំបង រួមមាន៖ ស្រុកសំពៅលូន ភ្នំព្រឹកនិងស្រុកកំរៀង ព្រមទាំងកងកម្លាំងទាំង៣ ប្រចាំការតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ជាប់ភូមិសាស្ត្រខេត្តដោយក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖ ដោយសារតែស្ថានភាពពីលំហូរពលករដែលវិលត្រឡប់ពីប្រទេសថៃ កាន់តែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ តាមបណ្តាច្រកនានា
ក្នុងភូមិសាស្ត្ររបស់ស្រុកទាំង៣ខាងលើនេះ បានធ្វើឲ្យមណ្ឌលចត្តាឡីស័ក ដែលមានស្រាប់ ជួបនូវបញ្ហាប្រឈមដោយខ្វះជម្រកសម្រាប់ការស្នាក់នៅរបស់ពលករក្នុងការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កនៅទីនោះ។ហើយបញ្ហានេះតំរូវឲ្យរដ្ឋបាលខេត្តបាត់ដំបង គ្រោងលើកជាសំណើរស្នើសុំសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិសភូមិភាគ៤និភូមិភាគ៥ ដើម្បីស្នើសុំតម្លើងរោងតង់បន្ថែមទៀត នៅលើទីតាំងនៃមណ្ឌលចត្តាឡីស័កដែលមានរួចហើយ ក្នុងស្រុកទាំង៣ខាងលើ ដើម្បីទុកឲ្យពលករចូលស្នាក់នៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅទីនោះបានគត់មត់ដូចបងប្អូន ដែលកំពុងស្នាក់នៅកន្លងមកផងដែរ។

ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត ដឹកនាំប្រតិភូខេត្តរួមនិងកងកម្លាំងទាំង៣ប្រភេទដែលឈរជើងប្រចាំការក្នុងការត្រួតពិនិត្យពីលំហូរពលករខ្មែរ ដែលបានឆ្លងចូលមកតាមច្រកនានានិងតាមច្រករបៀង និងលួចឆ្លងអូរ ដើម្បីគេចវេសពីការធ្វើចត្តាឡីស័ក ដែលតែងតែនៅបន្តកើតមាន នៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃប្រសិនបើមិនមានវិធានការរឹតបន្តឹងម៉ឺងម៉ាត់។ព្រមទាំងចុះពិនិត្យមើលនៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកទាំងនោះ ដើម្បីត្រួតពិនិត្យពីបញ្ហាប្រឈមចំពោះមុខតាមមណ្ឌលចត្តាឡីស័កទាំងនោះ ដូចជាបញ្ហាខ្វះទីតាំងជម្រកស្នាក់នៅពលករដែលវិលត្រឡប់ពីថៃ ដែលកំពុងកើនឡើងជាបន្តបន្ទាប់យ៉ាងគំហុកនិងធ្វើឲ្យទីតាំងទាំងនោះខ្វះជម្រក និងតម្រូវការបន្ទាន់ឲ្យមានការបង្កើនទីតាំងមណ្ឌលចត្តាឡីស័ក ចំនួន០២កន្លែងថ្មីបន្ថែមទៀត ក្នុងនោះមួយកន្លែងនៅស្រុកភ្នំព្រឹកនិងមួយកន្លែងទៀត នៅស្រុកសំពៅលូន។នៅក្នុងខណៈពេលបច្ចុប្បន្ននេះ មណ្ឌលចត្តាឡីស័ក នៅតាមបណ្តាស្រុកទាំង៣ ខាងលើ គឺ៖មានចំនួន៧ ទីតាំងរួចមកហើយ និងកំពុងតែដំណើរការទទួលពលករឲ្យចូលស្នាក់នៅដើម្បីត្រួតពិនិត្យសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយមណ្ឌលទាំង៧កន្លែងទាំងនោះ គឺស្រុកកំរៀងមានចំនួន៥មណ្ឌល, ភ្នំព្រឹក ចំនួន១មណ្ឌលនិងស្រុកសំពៅលូន ចំនួន១មណ្ឌល។

បើតាមការឲ្យដឹងពីអាជ្ញាធរស្រុកទាំង៣ ដែលប្រចាំការនៅតាមមណ្ឌលក្នុងស្រុកទាំង៣ បានបង្ហាញពីការកង្វល់ ដោយត្អូញត្អែរខ្វះទីតាំងជម្រកសំរាប់ឲ្យពលករស្នាក់នៅ និងដោយសារទីតាំងទទួលទាំងនោះ បានពេញអស់ហើយ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ គិតត្រឹមល្ងាចថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះ ពលករចូលថ្មី ចំនួន ៣១៧នាក់។ និងកំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កបណ្តាស្រុកទាំង៣ របស់ខេត្តបាត់ដំបង មានចំនួនសរុប ៣.៨២២នាក់។

ដោយឡែកនៅព្រលប់ៗ ថ្ងៃទី២២ខែកុម្ភៈនេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថាៈដោយសារតែលំហូរពលករមានការកើនឡើងនៅមុនពេលរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ រយៈពេលប៉ុន្មានថ្ងៃនេះកំណើនពលករមានការកើនឡើងរៀរាល់ថ្ងៃ។ ដែលក្នុងនេះតម្រូវឲ្យរដ្ឋបាលខេត្តបាត់ដំបង និងក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្ត ងួន រតនៈ ក្នុងនោះ រដ្ឋបាលខេត្ត និងរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមចំនួន០២ទីតាំងថ្មីទៀត ក្នុងនោះទីតាំងទី១ នៅស្រុកភ្នំព្រឹក និងទីតាំងមួយទៀតនៅស្រុកសំពៅលូន។ ហើយក្នុងនោះឯកឧត្តមបានស្នើសុំទៅរាជរដ្ឋាភិបាល គ្រោងសាងសង់ ធ្វើការតម្លើងរោងតង់នៅតាមមណ្ឌលចត្តាឡីស័កចាស់ ប្រមាណពី ៣០ទៅ៥០រោងតង់ថ្មីបន្ថែមទៀត នៅពេលខាងមុខនេះ ដើម្បីបំពេញតម្រូវការជាក់ស្តែងចាំបាច់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner