ជើងឯកកីឡាវាយកូនហ្គោលលោក ថៃហ្គ័រ វូដ រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ក្រឡាប់ឡាន
អាមេរិក៖ អាជ្ញាធរក្នុងតំបន់បញ្ជាក់ថា ជើងឯកកីឡាវាយកូនហ្គោលលោក ថៃហ្គ័រ វូដ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅថ្ងៃអង្គារម្សិលមិញ នៅពេលរថយន្តប្រភេទ SUVរបស់គាត់បានក្រឡាប់ រួចធ្លាក់ទៅជម្រាលផ្លូវនៅជាយក្រុង ឡូស អាន់ជីឡេស ។
ប៉ូលិសតំបន់ជាយក្រុង ឡូស អាន់ជីឡេស លោក អាឡិច វីឡានូវ៉ា បាននិយាយថា ពោងសុវត្ថិភាពបានផ្ទុះឡើង ហើយផ្នែកខាងក្នុងរថយន្តរក្សាសភាពដើមនៅដដែល ហើយពោងនោះបានជួយឱ្យគាត់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។ លោក ដារីល អូសប៊ី ប្រធានផ្នែកពន្លត់អគ្គិភ័យប្រចាំតំបន់បាននិយាយថា ជើងទាំងពីររបស់គាត់បានរងរបួសធ្ងន់ ។ បើតាមអាជ្ញាធរ ពួកគេបានឆែករកក្លិនស្រា ឬសញ្ញាផ្សេងទៀតដែលថា គាត់អាចស្ថិតក្រោមឥទ្ធិពលនៃសារធាតុអ្វីមួយ ហើយមិនបានរកឃើញនោះទេ ហើយក៏មិនដឹងថា គាត់បើកបរលឿនប៉ុនណានោះដែរ ។
គួរបញ្ជាក់ថា កំពូលតារាវាយកូនគោលរូបនេះ ត្រូវបានទាញចេញពីកញ្ចក់មុខ ហើយភ្នាក់ងាររបស់គាត់និយាយថា គាត់កំពុងធ្វើការវះកាត់ជើង ។ អាជ្ញាធរបាននិយាយនៅក្នុងសន្និសីទកាសែតថា លោក វូដ នៅតែឯងនៅពេលរថយន្តនេះបើកក្រឡាប់កណ្តាលផ្លូវមុនម៉ោង០៧ និង ១២ នាទីព្រឹក (ម៉ោងក្នុងតំបន់) ។ មិនមានរថយន្តផ្សេងទៀតចូលរួមពាក់ព័ន្ធនោះទេ ៕ ប្រភព៖ Reuters