ក្រុមប្រទេស G7 អះអាងជាថ្មីពីការថ្កោលទោសយោធាមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការប្រើហិង្សាលើបាតុករ
អង់គ្លេស៖ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង០៧ ឬ (G7) បានអះអាងរួមគ្នាពីការថ្កោលទោសចំពោះអំពើហិង្សាដែលបានប្រព្រឹត្តដោយកងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមបាតុករ ហើយនិងជំរុញអោយរបបដឹកនាំយោធាមីយ៉ាន់ម៉ាអនុវត្តការអត់ធ្មត់បំផុត និងគោរពសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ។
ក្រុមប្រទេស G7 ក្នុងនោះមានដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានអះអាងសាជាថ្មីទៀត ចំពោះការប្រឆាំងដាច់ខាតរបស់ពួកគេ ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ក៏ដូចជាការឆ្លើយតបយ៉ាងខ្លាំងទៅនឹងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ។
ទន្ទឹមគ្នា ក្រុមប្រទេស G7 ក៏បានអំពាវនាវអោយបញ្ឈប់ការដាក់គោលដៅជាប្រព័ន្ធទៅលើក្រុមបាតុករ វេជ្ជបណ្ឌិត សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ព្រមទាំងជំរុញអោយរបបយោធាមីយ៉ាន់ម៉ាដកចេញវិញ នូវការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ។ បន្ថែមលើនេះ ពួកគេក៏បានធ្វើការជំរុញអោយយោធាមីយ៉ាន់ម៉ាអនុ ញ្ញាតអោយមានដំណើរការផ្នែកជំនួយមនុស្សធម៌ដ៏ពេញលេញផងដែរ ដើម្បីគាំទ្រដល់ជនងាយរងគ្រោះបំផុត ៕ ប្រភព៖ CNA


