ឯកឧត្តម សៅ សុភាព ជួបជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង
ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានទទួលជួបជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង និងលោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សរុប ៧ នាក់ កាលពីថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពការងារជ្រើសរើសក្រុមហ៊ុនទាំង៣ ក្នុងការផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ការបង្កើតគណៈកម្មការគ្រប់គ្រងសំរាម សំណល់រឹង ការបង្កើតសហគ្រាសសាធារណៈ គ្រប់គ្រងសំរាម សំណល់រឹង ព្រមទាំងការដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយគ្រប់គ្រងសំរាម ការរៀបចំប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ការគិតគូរពីការសាងសង់ទីលានចាក់សំរាមកម្រិតតំបន់ ការបំពាក់នូវឧបករណ៍ញែកសំរាម ក៏ដូចជាជម្រើសបច្ចេកទេសក្នុងការធ្វើប្រព្រឹត្តកម្មសំណល់ នៅស្ថានីយផ្ទេរ និងទីលានចាក់សំរាម។ ជារួម អង្គប្រជុំ បានឯកភាពលើចំណុចមួយចំនួនដូចខាងក្រោម៖
• ឯកភាពរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ជំហ៊ានទី១ តាមរយៈប្រព័ន្ធអនឡាញ ដោយកាត់បន្ថយរយៈពេលនៃវគ្គបណ្តុះបណ្តាល ក៏ដូចជាកាត់បន្ថយសមាសភាពអ្នកចូលរួម ក្នុងដំណាក់កាលនៃការរីរាលដាលជំងឺកូវីត ១៩។ អង្គប្រជុំបានឯកភាពរៀបចំវគ្គបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការសិង្ហបូរី SCC ដោយមានការចូលរួមពី ក្រុមការងារក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
• ស្នើក្រុមការងារនៃក្រសួងបរិស្ថាន សហការជាមួយ SCE ដើម្បីពិនិត្យ និងកែសម្រួលចុងក្រោយលើរបៀបវារៈវគ្គបណ្តុះបណ្តាល ក៏ដូចជាសេចក្តីព្រាងកិច្ចព្រមព្រៀង។
• ពិនិត្យលទ្ធភាពចុះពិនិត្យ និងសិក្សាផ្ទាល់នៅប្រទេសសិង្ហបូរី ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងករណីស្ថានភាពនៃការរីករាលដាលជំងឺកូវីត ១៩ បានធូរស្បើយ។
• ស្នើក្រុមហ៊ុន IA និង Ramboll ពិនិត្យលទ្ធភាពដើម្បីជួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការសិក្សារៀបចំផែនការប្លង់មេ សម្រាប់ការសាងសង់ទីលានចាក់សំរាម នៅរាជធានីភ្នំពេញ ៕ ដោយ / គ្រី សម្បត្តិ