ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅសល់៨០០ថ្ងៃទៀតប៉ុណ្ណោះ

អត្ថបទដោយ៖
សារ៉ាន ទីងី

គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជានៅសល់ពេល៨០០ថ្ងៃគត់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយពីកម្ពុជាបានប្រារព្ធពិធីរាប់ ថយក្រោយជាផ្លូវការ១០០០ថ្ងៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានគូសបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញឲ្យគណៈកម្មការជំនាញទាំងអស់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រួចគោលដៅ ឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះសីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ។ «មកដល់ថ្ងៃនេះ គឺយើងនៅសល់៨០០ថ្ងៃ ដូច្នេះយើងត្រូវដាក់គោលដៅមុតស្រួច ស៊ីជម្រៅ ព្រមទាំងភាពប្រកដប្រជាទៅគ្រប់ជំនាញទាំងអស់ ដោយត្រូវធ្វើការឲ្យបានហ្មត់ចត់ ត្រៀមខ្លូនធ្វើផែនការយុទ្ធសាស្ត្រ ធ្វើកម្មវិធីលម្អិតទាំងអស់ សម្រាប់ពេលវេលាដែលនៅសល់៨០០ថ្ងៃនេះ ដើម្បីឲ្យកាន់តែប្រកដប្រជាថានឹងត្រូវតែធ្វើឲ្យបានជោគជ័យនៃការរៀបចំការប្រកួត កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ នៅក្នុងដំណាក់កាលនេះ យើងបន្តការប្រឹងប្រែងតាមពេលវេលាជាក់ស្តែងជាបន្តបន្ទាប់»។

ឯកឧត្តមអគ្គលេខាធិការ CAMSOC បន្ថែមថា នៅក្នុងពេលវេលានៅសល់ ៨០០ថ្ងៃនេះ យើងកាន់តែខិតខំបង្កើនគុណផលកីឡា ដោយឯកឧត្តមបានអំពាវនាវដាស់តឿនដល់កីឡាករ កីឡាការិនី គ្រូបង្វឹកគ្រប់ប្រភេទកីឡា ទាំងអស់សូមស្វែងរកលទ្ធភាពក្នុងការហ្វឹកហាត់ឲ្យកាន់តែមុតស្រួចខ្លាំងក្លា ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដោយធ្វើយ៉ាងណាបង្កើនឲ្យបាននូវសិទ្ធផលរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះឯកឧត្តមក៏បានក្រើនរំឭកដល់មន្ត្រីកីឡា និងភាគីពាក់ព័ន្ធទាំងអស់បន្តរាប់ថយក្រោយ និងចូលរួមធ្វើកិច្ចការនានា ដើម្បីធ្វើឲ្យប្រកដប្រជានៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឲ្យដំណើរការដោយរលូន និងជោគជ័យជាជំហានផងដែរ។

បច្ចុប្បន្ន ស្លាកសញ្ញា (LOGO) និមិត្តសញ្ញា (Mascot) និងបាវចនាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ «កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE» កំពុងត្រូវបានប្រើប្រាស់ និងបញ្ជ្រាបការផ្សព្វផ្សាយ បន្ទាប់ពី CAMSOC បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner