គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ត្រូវបានផ្អាក ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ ការចម្លងក្នុងសហគមន៍

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ បើយោងតាមលិខិតរបស់ក្រសួងអប់រំ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបានផ្អាក ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ  ការផ្អាកនេះដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងបានប្រាប់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្អាក ដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ផងដែរដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner