កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាការពារការអប់រំសម្រាប់កុមារដែលរស់នៅតាមខេត្តរងផលប៉ះពាល់ជំងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២១ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ស្វាគមន៍ចំពោះការគាំទ្របន្ថែមពីអង្គការយូនីសេហ្វ និងប្រទេសស៊ុយអែត សម្រាប់សាលារៀន និងសិស្សានុសិស្សដែលរងផលប៉ះពាល់ក្នុងខេត្តនានានៅជាប់ព្រំដែន ព្រោះសាលារៀនខ្លួនត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលចត្តាឡីស័ក។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីជាយើងកំពុងជួបប្រទះការលំបាកពីការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ក៏ដោយ ក៏យើងត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីឱ្យសិស្សអាចនៅតែបន្តការសិក្សាបាន និងធានាថាពួកគេមានសុវត្ថិភាពពីជំងឺនេះ។ ដូច្នេះហើយបានជាការផ្ដល់សៀវភៅសិក្សានៅពេលនេះដល់សិស្សដែលរងផលប៉ះពាល់ គឺជាអន្តរាគមន៍ចំពោះមុខដ៏សំខាន់ ដើម្បីជួយឱ្យពួកគេនៅតែបន្តការសិក្សាបាន។”
ដើម្បីឆ្លើយតបចំពោះតម្រូវការនេះ យូនីសេហ្វ ដោយមានការគាំទ្រថវិកាពីប្រទេសស៊ុយអែត បានទិញសៀវភៅសិក្សាមុខវិជ្ជាគោលសម្រាប់ចែកជូនសិស្សនៅក្នុងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥០ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ ជាសរុប សៀវភៅសិក្សាចំនួន ៣៥.០៥៥ ក្បាល ត្រូវបានចែកជូនទៅដល់សាលារៀននៅតំបន់ភាគឦសាន ដែលបានជួយដល់សិស្សប្រមាណ ៣២.៤៨៦នាក់ ឱ្យអាចបន្តការសិក្សារបស់ពួកគេបាន។
ឯកឧត្តម ប៊ីយ៉ន ហ៊ែហ្កម៉ាឃ ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋានដ៏សំខាន់ ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ១៩ បានបន្តបង្អាក់ដល់ការសិក្សារបស់កុមារកម្ពុជារាប់ពាន់នាក់។ ប្រទេសស៊ុយអែតមានសេចក្ដីសោមនស្សរីករាយ ដែលអាចចូលរួមជួយដល់ការឆ្លើយតបជាបន្ទាន់ដ៏មានសារៈសំខាន់នេះ ដើម្បីធានាថាកុមារី និងកុមារដែលរស់នៅក្នុងខេត្តរងផលប៉ះពាល់ផ្ទាល់ពីជំងឺកូវីដ១៩ អាចទទួលបានធនធនសិក្សាគ្រប់គ្រាន់ ដើម្បីបន្តការសិក្សាររបស់ពួកគេ។”
ជាមួយគ្នានេះ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “យូនីសេហ្វសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលស៊ុយអែត សម្រាប់កិច្ចសហការគាំទ្រដល់កុមារ នៅក្នុងស្ថានភាពដ៏បាកនេះ។ តម្រូវការចាំបាច់ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ បានធ្វើឱ្យមានការអាក់ខានដល់ការរៀនសូត្រ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលយើងត្រូវគិតគូរសារជាថ្មីនូវការអប់រំ ដែលសមស្របទៅនឹងស្ថានភាពផ្លាស់ប្តូរទាំងនេះ។ កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ហើយយើងត្រូវរួមគ្នាបំពេញនូវសិទ្ធិនោះឱ្យពួកគេ។” លោកស្រីក៏បានបន្ថែមទៀតថា “ខ្ញុំសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យនូវជម្រើសដទៃទៀត ក្នុងការគាំទ្រដល់ការវិលត្រលប់ប្រកបដោយសុវត្ថិភាពរបស់កម្មករចំណាកស្រុក ដោយចាត់ទុកការប្រើប្រាស់សាលារៀនជាមជ្ឍមណ្ឌលចត្តាឡីស័ក គួរតែជាជម្រើសចុងក្រោយ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ចេញពីការបិទសាលារៀនទាំងនោះ។”
សូមបញ្ជាក់ថា បវេសនកាលឆ្នាំសិក្សាថ្មី ត្រូវបានចាប់ ផ្តើមកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក៏ដោយមានសាលាបឋមសិក្សាចំនួន១៣ អនុវិទ្យាល័យចំនួន១៨ និងវិទ្យាល័យចំនួន១៩ ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ពុំអាចបើកដំណើរការព្រមគ្នាជាមួយនឹងសាលារៀនដទៃទៀតឡើយ ព្រោះសាលារៀនទាំងនោះកំពុងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលចត្តាឡីស័ក សម្រាប់ពលករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសថៃ។
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃរហ័សមួយលើតម្រូវការរបស់សិស្សានុសិស្សដែលរងផលប៉ះពាល់ ហើយបានរកឃើញថា ការខ្វះសៀវភៅសិក្សាគឺជាបញ្ហាប្រឈមធំជាងគេបំផុតមួយ ដែលសិស្សានុសិស្សកំពុងជួបប្រទះ ជាពិសេសសិស្សដែលត្រូវរៀនពីចម្ងាយនៅតាមផ្ទះ ឬដែលត្រូវទៅរៀននៅសាលាមួយទៀត នៅក្បែរសាលារៀនខ្លួន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner