Facebook គ្រោងចាយលុយ 1 ពាន់លានដុល្លារដើម្បីវិនិយោគលើវិស័យសារព័ត៌មាន
បរទេស៖ក្រោយជម្លោះគ្នាមួយរយៈជាមួយនឹងរដ្ឋាភិបាលអូស្ត្រាលីលើបញ្ហាបង់លុយសម្រាប់មាតិកាព័ត៌មានរួចមកនោះកាលពីថ្ងៃពុធម្សិលមិញនេះក្រុមហ៊ុន Facebook បានធ្វើការប្រកាសជាផ្លូវការថានឹងចាយលុយប្រមាណជា 1ពាន់លានដុល្លារនៅក្នុងកិច្ចការងារគាំទ្រទៅដល់វិស័យសារព័ត៌មាន។
លោក Nick Clegg ប្រធានផ្នែកកិច្ចការងារសកលរបស់ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហ៊ុនមានបំណងធំដើម្បីអាចគាំទ្រដល់វិស័យសារព័ត៌មាន ប៉ុន្តែនៅតែបានបញ្ជាក់អំពីក្តីបារម្ភចំពោះបញ្ហាបង់លុយទៅដល់អង្គភាពសារព័ត៌មានទាំងឡាយដដែលនៅឡើយ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅក្រោយពេលដែល Facebook បានឈានទៅដល់ការភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញជាមួយនឹងរដ្ឋាភិបាលអូស្ត្រាលីពាក់ព័ន្ធទៅនឹងមាតិកាព័ត៌មានថ្មីហើយលោក Clegg បានបន្តទៀតថា៖ Facebook គឺពិតមានការប្តេជ្ញាចិត្តខ្លាំងដើម្បីធ្វើការសហការជាមួយនឹងក្រុមហ៊ុនសារព័ត៌មាន និងអ្នកបោះពុម្ពផ្សាយព័ត៌មានថ្មីៗផងដែរ។
Clegg ក៏បាននិយាយដែរថា៖យើងទទួលស្គាល់យ៉ាងច្បាស់នូវវិជ្ជាជីវៈសារព័ត៌មានដែលវាគឺជាបេះដូងនៃរបៀបដែលសង្គមកំពុងមានដំណើរការរាល់ថ្ងៃ។ការផ្តល់ព័ត៌មាន និងផ្តល់អំណាចដល់ពលរដ្ឋដែលជាអ្នកមានអំណាចបំផុតក្នុងការគិតពិចារណា និងសម្រេចចិត្ត។
រំលឹកឡើងវិញដែរថាចុងក្រោយនៃជម្លោះរវាង Facebook និងអូស្ត្រាលីនោះបណ្តាញសង្គមយក្សបានសម្រេចបិទចោលទាំងអស់នូវមាតិកាព័ត៌មានទាំងឡាយរបស់អូស្ត្រាលីទៅកាន់អ្នកប្រើប្រាស់ ឬសូម្បីតែចែករំលែកបន្តមុននឹងបានសម្រេចចិត្តប្តូរចិត្តមកវិញ។
គួរឲ្យដឹងដែរថាFacebook ត្រូវបានគេដឹងដែរថាបានចាយលុយដែលខ្លួនប្រមូលបានពីការផ្សព្វផ្សាយមាតិកាព័ត៌មានប្រមាណជា 407 លានដុល្លារទៅឲ្យក្រុមអ្នកផលិតសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកាលពីឆ្នាំទៅ ប៉ុន្តែតែងតែទទួលបានការរិះគន់ចំពោះការចែករំលែកប្រាក់ចំណេញនេះពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី៕