ម៉ី ច័ន្ទក្សត្រា បទពិសោធន៍ការងារស្ម័គ្រចិត្ត ជំរុញគំនិតបង្កើតអាជីវកម្មផ្ទាល់ខ្លួនទាំងវ័យក្មេង
ភ្នំពេញ៖ ដំណើរជីវិតរបស់មនុស្សម្នាក់ៗមានសភាពខុសៗគ្នា ដោយបុគ្គលខ្លះមានម្តាយឪពុកជាអ្នកណែនាំត្រួសត្រាយបង្ហាញផ្លូវយ៉ាងរលូន ប៉ុន្តែខ្លះទៀតត្រូវពឹងលើការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។ ទោះជារូបភាពបែបណាក៏ដោយ លទ្ធផលជោគជ័យរបស់មនុស្សម្នាក់ៗវាអាស្រ័យលើការខិតខំ និងការតស៊ូព្យាយាម ប្រៀបដូចសុភាសិតខ្មែរមួយឃា្លលើកឡើងថា “សេចក្តីព្យាយាមគង់បានសម្រេច”។ ជាក់ស្តែងយុវជន ម៉ី ច័ន្ទក្សត្រា មានអាយុ 20 ឆ្នាំ បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយ តាមរយៈបទពិសោធន៍សន្សំពីការងារស្ម័គ្រចិត្តក្នុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យ។
អាជីវកម្មរួមភាគហ៊ុនឈ្មោះថា “ដឹកជញ្ជូនរហ័ស” មានគ្នីគ្នាចូលរួមចំនួនបួននាក់ ត្រូវបានបង្កើតឡើងក្នុងពេលដែល ច័ន្ទក្សត្រា កំពុងសិក្សាថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទន្ទឹមនឹងពេលវេលារៀនបណ្តើរធ្វើការងារស្ម័គ្រចិត្តបណ្តើរ ច័ន្ទក្សត្រា មានឱកាសច្រើនចូលរួមកម្មវីធីផ្លាស់ប្តូរបទពិសោធន៍សិក្សាផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។ ច័ន្ទក្សត្រា បាននិយាយថា “ខ្ញុំបានធ្វើការងារស្ម័គ្រចិត្តជាច្រើន ពីព្រោះការងារនេះជួយហ្វឹកហាត់ និងផ្តល់បទពិសោធន៍ដល់ខ្ញុំ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង និងមានគំនិតរកស៊ីផងរៀនផង”។
ឆ្នាំ 2018 យុវជន ម៉ី ច័ន្ទក្សត្រា បានចាប់ផ្តើមប្រើប្រាស់លុយសន្សំផ្ទាល់ខ្លួនចូលហ៊ុនគ្នាបើកអាជីវកម្មដឹកជញ្ជូនរហ័ស។ ការងារនេះមិនមែនជារឿងងាយស្រួលនោះទេសម្រាប់រូបគេដែលមានបទពិសោធន៍ក្មេងខ្ចីលើការងារអាជីវកម្ម។ ច័ន្ទក្សត្រា បានបន្តទៀតថា “ខ្ញុំព្យាយាមកំណត់និងបែងចែកពេលវេលាសិក្សាបានច្បាស់និងប្ដេជ្ញាចិត្តខ្ពស់… ខ្ញុំគិតថាអាជីវកម្មដែលខ្ញុំជ្រើសយកនេះ វាចាំបាច់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត” ។
ដើម្បីឱ្យអាជីវកម្មដំណើរការរលូន យុវជនរូបនេះបានបញ្ជាក់ថា គន្លឹះជោគជ័យក្នុងការងារកន្លងទៅដោយរក្សាផ្នត់គំនិតផ្លាស់ប្ដូរខ្លួនឯងឱ្យកាន់តែរីកច្រើនទៅមុខជានិច្ច។ “ពេលវេលាដែលមិនអាចបោះបង់ចោលបានសម្រាប់ខ្លួនឯង គឺពេលវេលាដើម្បីលំហែរអារម្មណ៍ ខ្ញុំឆ្លៀតពេលធ្វើឱ្យខ្លួនឯងរីករាយ ទើបខ្ញុំមិនបាក់ទឹកចិត្ត”។
ក្រៅពីមានម្ចាស់ភាគហ៊ុនក្នុងអាជីវកម្ម “ដឹកជញ្ជូនរហ័ស” បច្ចុប្បន្ន ច័ន្ទក្សត្រា បានបង្កើតអាជីវកម្មលក់អនឡាយទៀត និងមានបំណងពង្រីកអាជីវកម្មមួយនេះឱ្យបានទូលំទូលាយបន្ថែមទៀតនៅថ្ងៃខាងមុខ។ សម្រាប់យុវជន ម៉ី ច័ន្ទក្សត្រា “បើមានបំណងត្រូវក្លាហានធ្វើ ចេះកំណត់ពេលវេលា និងមានគោលដៅច្បាស់លាស់”៕