មន្ទីរអប់រំខេត្តកំពង់ចាម យកឈ្នះខេត្តកណ្តាល ៦-០ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២១
ក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានយកឈ្នះក្រុមភ្ញៀវខេត្តកណ្តាល ក្នុងលទ្ធផលបច្ចេកទេស ៦ទល់០ ទទួលបាន៣ពិន្ទុបន្ថែម នៅវគ្គសន្សំពិន្ទុវិលជុំ ក្នុងពូល ឃ សប្តាហ៍ទី២ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៥ រដូវកាលថ្មី ២០២១។
នៅក្នុងវគ្គទី១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមបានបើកការនាំមុខលើក្រុមខេត្តកណ្តាល ៣ទល់០ ហើយនៅវគ្គទី២ក្រុមម្ចាស់ផ្ទះមួយនេះធ្វើសម្រេចបាន៣គ្រាប់បន្ថែម ដោយមិនឲ្យក្រុមភ្ញៀវតដៃបានឡើយ។ កាលពីប្រកួតទី១ សប្តាហ៍ទី១ កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក្រោយរក្សាលទ្ធផលស្មើគ្នា ២ទល់២។ ដូច្នេះ២ប្រកួតរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងខេត្តកណ្តាលនៅសល់១ប្រកួតជាមួយគ្នា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ដើម្បីបញ្ចប់ជើងទី១ វគ្គសន្សំពិន្ទុ ក្នុងពូល ឃ។
ចំពោះលទ្ធផល៣ប្រកួតផ្សេងទៀត កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់សប្តាហ៍ទី២នេះដែរ រួមមាន៖ ក្រុមរដ្ឋបាលខេត្តតាកែវបានប្រកួតចាញ់ក្រុមភ្នំពេញហ្គាឡាក់ស៊ី ០ទល់៣, ខេត្តបន្ទាយមានជ័យ ២ទល់២ ជាមួយក្រុមសូហ្វីយ៉ាខេត្តប៉ៃលិន ខណៈខេត្តព្រះសីហនុចាញ់កោះកុងអេហ្វ.ស៊ី ដោយលទ្ធផល ០ទល់២។
សូមបញ្ជាក់ថា គ្រប់ក្រុមទាំងអស់ នៅក្នុងពូលនីមួយៗ (៦ពូល) នឹងត្រូវបន្តជួបគ្នាចំនួនពីរជើង ដោយប្រើប្រាស់រយៈពេលសរុប៦សប្តាហ៍ ដើម្បីស្វែងរកក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ នៃពូលទាំង៦ ស្មើនឹង១២ក្រុម និងក្រុមចំណាត់ថ្នាក់លេខ៣ ល្អជាងគេចំនួន៤ក្រុម នៃពូលទាំង៦ (បង្គ្រប់១៦ក្រុម) ដើម្បីឡើងទៅប្រកួតនៅវគ្គ១៦ក្រុមថ្នាក់ខេត្ត។ ចំពោះការវាយតម្លៃលើក្រុមចំណាត់ថ្នាក់លេខល្អជាងគេ ចំនួន៤ក្រុម នៃពូលទាំង៦ គឺគិតទៅលើ ចំណុចសំខាន់ៗ ដូចជា ពិន្ទុសរុប, ផលសងគ្រាប់បាល់សរុប, គ្រាប់បាល់ទាត់ទាត់ចូលទីគេសរុប, ក្រុមមានចំណាត់ថ្នាក់ Fair Play ល្អជាងគេ។ ចំពោះការប្រកួត ក្នុងវគ្គ១៦ក្រុមចុងក្រោយ វគ្គ៨ក្រុមចុងក្រោយ ត្រូវប្រកួតចំនួនពីរជើង (ម្ចាស់ផ្ទះ-ភ្ញៀវ) ដើម្បីស្វែងរកក្រុមជ័យលាភីចំនួន៣ក្រុមពីក្រុមលេខ១ដល់លេខ៣ឡើងទៅប្រកួត ថ្នាក់ជាតិជាមួយ១៣ក្រុមក្នុងលីគកំពូលកម្ពុជា ដែលហៅថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឬវគ្គ១៦ក្រុមថ្នាក់ជាតិ៕