UNFPA ផ្ដល់កញ្ចប់ជំនួយដល់ស្រ្តីនិងក្មេងស្រីងាយរងគ្រោះដោយឥទ្ធិពលកូវីដ-19 និងទឹកជំនន់នៅកម្ពុជា
ភ្នំពេញ៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានផ្ដល់កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ចំនួនជាងបួនពាន់កញ្ចប់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ស្ត្រី និងក្មេងស្រីងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-19 និងគ្រោះទឹកជំនន់នាពេលកន្លងមកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNFPA ចេញផ្សាយនៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ 2021 នេះ។
លោក ដានីញែល អាឡេមូ តំណាងស្តីទីរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ផលប៉ះពាល់នៃជំងឺកូវីដ-19 និងបញ្ហាទឹកជំនន់កន្លងមក បានធ្វើឱ្យក្មេងស្រីនិងស្រី្តជាច្រើននៅកម្ពុជាប្រឈមទៅនឹងហានិភ័យនិងភាពងាយរងគ្រោះផ្សេងៗកាន់តែខ្លាំង។
លោក ដានីញែល អាឡេមូ “ក្នុងនាមយើងជា UNFPA ជឿជាក់ថា ការផ្ដល់សេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ រួមទាំងការទប់ស្កាត់និងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ បន្ថែមលើការគាំទ្រសុខភាពផ្លូវចិត្តនិងសង្គម គឺជាកិច្ចការបន្ទាន់និងសំខាន់បំផុតសម្រាប់ពេលនេះ”។
ទន្ទឹមគ្នានេះ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA សង្ឃឹមយ៉ាងមុតមាំថា កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់នឹងជួយសម្រាលការលំបាករបស់ស្ត្រីនិងក្មេងស្រីរាប់ពាន់នាក់ ដើម្បីធានាថាមិនមានស្ត្រីណាម្នាក់ត្រូវបានគេទុកចោលឡើយក្នុងអំឡុងពេលដ៏លំបាកនេះ។
កញ្ចប់សម្ភារៈប្រើប្រាស់ទាំងអស់ត្រូវបានបែងចែកទៅប្រាំមួយកន្លែង ដូចជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៃក្រសួងមហាផ្ទៃ 1,000 កញ្ចប់ ក្រសួងកិច្ចការនារី ចំនួន 1,100 កញ្ចប់ និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ចំនួន 600 កញ្ចប់ និងជូនដល់អគ្គនាយកដ្ឋានពន្ធធនាគារ នៃក្រសួងមហាផ្ទៃ 163 កញ្ចប់ ដើម្បីចែកជូនបន្តទៅដល់អ្នកទោសស្ត្រីងាយរងគ្រោះ។
កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ចំនួន 1,000 កញ្ចប់ទៀត នឹងត្រូវប្រគល់ជូនមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៃក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ម្តាយៗនិងស្ត្រីមានផ្ទៃពោះងាយរងគ្រោះ ក្នុងការរឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-19 ក្នុងបណ្ដាខេត្តអាទិភាពរបស់យូអិនអែហ្វភីអេ។ ទន្ទឹមគ្នានេះ UNFPA បានប្រគល់កញ្ចប់សម្ភារជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ចំនួន 1,000 កញ្ចប់ សម្រាប់គាំទ្រគ្រួសារងាយរងគ្រោះ ជាពិសេសស្ត្រី និងស្ត្រីមានផ្ទៃពោះដែលរងគ្រោះដោយទឹកទំនន់។
សូមបញ្ជាក់ថា នៅក្នុងកញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ទាំងអស់ មានដូចជារបស់របរប្រើប្រាស់សម្រាប់អនាម័យ ព័ត៌មានអំពីការទប់ស្កាត់ជំងឺកូវីដ-19 ដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប ជាពិសេសជនរងគ្រោះក្នុងរដូវទឹកជំនន់ត្រូវការប្រើប្រាស់ចាំបាច់។ លើសពីនេះមានសម្ភារទំនាក់ទំនង និងព័ត៌មានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងក្មេងស្រី គន្លឹះក្នុងការដោះសា្រយភាពតានតឹងផ្លូវចិត្តនៅផ្ទះ និងព័ត៌មានចាំបាច់ស្តីពីសេវាឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬអំពើហិង្សាលើស្ត្រីក្នុងអំឡុងពេលនៃការរាតត្បាតជំងឺនេះ៕