ក្រសួងអប់រំដាក់វីដេអូសិក្សាគ្រប់កម្រិតលើបណ្ដាយយូធូបផ្លូវការ
ភ្នំពេញ៖ ដើម្បីពង្រឹងសមត្ថភាព លើកទឹកចិត្ត និងជំរុញគុណភាពសិក្សាទៅដល់សិស្សានុសិស្សទូទាំងប្រទេសកម្ពុជាកាន់តែងាយស្រួល និងល្អប្រសើរ ក្រសួងអប់រំបានបង្កើតមាតិកាអប់រំជាវីដេអូដាក់ក្នុងបណ្ដាយយូធូប (Youtube) ដែលមានកម្រងវីដេអូមេរៀនគ្រប់កម្រិតថ្នាក់សិក្សា។ កម្រងវីដេអូមេរៀនគ្រប់កម្រិតថ្នាក់នេះ សិក្សាគិតដោយឥតគិតថ្លៃ។
កម្រវីដេអូសិក្សាគ្រប់កម្រិតសិក្សានេះ ជាផ្នែកមួយនៃកម្មវិធីសិក្សាតាមបែបឌីជី ទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 ពិសេសឪពុកម្ដាយ ឬអាណាព្យាបាលសិស្សអាចបង្រៀនកូនៗ និងសិស្សានុសិស្សគ្រប់រូបដោយខ្លួនឯង តាមរយៈ វីដេអូផ្សេងៗ របស់ក្រសួងអប់រំ។ តំណភ្ជាប់កម្មវិធីសិក្សាយូធូប youtube.com/moeys
សូមជម្រាបដែរថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងផលិតមាតិកាវីដេអូសិក្សាជាបន្តបន្ទាប់ដាក់ក្នុងបណ្តាញសង្គម ដើម្បីបង្ករភាពងាយស្រួលដល់ការសិក្សារបស់សិស្ស។ កាលពីចុងខែធ្នូកន្លងទៅ ក្រសួងអប់រំ បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន MK International ដើម្បីអភិវឌ្ឍមាតិកាអប់រំជាវីដេអូសរុបចំនួន 72 ក្រោមរូបភាពអប់រំ និងកម្សាន្តក្នុងរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ 2021 ដល់ឆ្នាំ 2023៕