អភិបាលរាជធានីនិងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយក្នុងមន្ទីរពេទ្យរុស្ស៊ី

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ដើម្បីជំរុញឱ្យការព្យាបាលដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតចិននិងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩បានដឹកនាំកម្លាំង ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយកន្លែងនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យកន្លែងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីនេះ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ។

មន្ត្រីជំនាញបានឱ្យដឹងថា នៅពេលនេះជនបរទេស មន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុននិងប្រជាពលរដ្ឋកម្ពុជាចំនួន៤២នាក់បាននិងកំពុងសំរាកព្យាបាលជំងឺcovid-19នៅក្នុងមន្ទីរពេទ្យរុស្ស៊ីក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថាមានភាពវិជ្ជមានជំងឺ covid-19 ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភ: ។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ-១៩ ក្រោយបានរកឃើញថា មានវិជ្ជាមានកូវីដ-១៩ហើយនោះ យើងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានាដែលយើងបានរៀបចំទុកនិងបានយកចិត្តទុកដាក់ក្នុងការព្យាបាលដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេសជនជាតិខ្មែរនោះទេ ហើយការព្យាបាលក៏មិនត្រូវអោយមានការបង់ប្រាក់នោះដែរ ។

ឯកឧត្តម ឃួង ស្រេង ក៏បានសូមឲ្យអ្នកជំងឺទាំងអស់សហការជាមួយគ្រូពេទ្យនិងក្រុមការងារដោយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយអោយបានល្អ គោរពទៅតាមបទបញ្ជាការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះឯឧ ឃួង ស្រេងក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតចិនដែលបានសហការបានយ៉ាងល្អជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មានជុំវិញជនជាតិចិនដែលសង្ស័យថាមានផ្ទុកកូវីដ-១៩ ។

ពាក់ព័ន្ធបញ្ហានេះលោកងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ីបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យរុស្ស៊ីបាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ៤២នាក់ ដែលមានទាំងមន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុននិងប្រជាពលរដ្ឋកម្ពុជាផងដែរ ។ ពួកគេទាំងនេះទទួលបានព្យាបាលដោយការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូនៅមន្ទីរពេទ្យរុស្ស៊ី។

ចំណែកតំណាងស្ថានទូតចិនវិញ ក្នុងឱកាសនោះក៏បានអរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិចិន មានកូវីដ-១៩ ស្នាក់នៅកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner