បិទទីតាំងចំនួន៧៥កន្លែងហើយពេលនេះ ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ អភិបាលរាជធានីជំរុញពង្រឹងវិធានការគ្រប់គ្រងទីតាំងទាំងនោះឱ្យបានម៉ឺងម៉ាត់បំផុត
ភ្នំពេញ៖ គិតមកដល់ល្ងាចថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ-១៩ក្នុងព្រឹត្តការណ៦សហគមន៍២០កុម្ភៈ មានចំនួន៧៥ទីតាំងហើយ នៅរាជធានីភ្នំពេញ។ ជុំវិញការងារនេះ ឯកឿត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ពង្រឹងវិធានការគ្រប់គ្រង កន្លែងបិទទីតាំងទាំងអស់នេះអោយបានតឺងរឹងនិងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងមានការកើនឡើង ។
ការប្រកាសបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងនៅសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទំាង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ខណៈអាជ្ញាធរបានចុះបិទទីតំាងដែលមានផ្ទុះជំងឺកូវីដ-១៩កើនឡើងដល់៧៥ទីតំាងហើយ ក្នុងរាជធានីភ្នំពេញ។
ឯឧបញ្ជាក់ថាក្រុមកម្លំាងសមត្ថកិច្ចចម្រុះត្រូវប្រចាំការ យាមកាមនៅទីតំាងដែលបានរកឃើញមានផ្ទុះជំងឺកូវីដ-១៩ កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងគ្រប់គ្រងស្ថានភាពអ្នកជំងឺ បានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ កិច្ចការងារនេះត្រូវតែរឹតបណ្តឹង ត្រូវតែទប់ស្កាត់ រកឃើញទីតំាងណាត្រូវតែបិទទីតំាងនោះជាបណ្តោះអាសន្នឱ្យបានម៉ឹងម៉ាត់ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លំាងប្រដាប់អាវុធដែល ជាសេនាធិការ ប៉ុន្តែកន្លែងខ្លះក៏មានការប្រទំាងប្រទិសជាមួយម្ចាស់អាជីវកម្ម និងអ្នកជំងឺ មិនបានយោគយល់ចំពោះការទប់ស្កាត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួច ហើយគឺ ជនបរទេសដែលមិនសហការត្រូវបណ្តេញចេញពីប្រទេស ហើយមិនឱ្យវិលត្រលប់មកវិញ ជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ទីតំាងដែលធ្វើអាជីវកម្មត្រូវដកហូតអាជ្ញាបណ្ណ ដែលយើងមានដាវ ក្នុងដៃសម្រាប់ធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា មកដល់ពេលនេះមានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញបានកំពុងតែសហការជាមួយនឹងក្រសួងសុខាភិបាលដើម្បីឈានទៅបិទអាជីវកម្មជាបណ្តោះអាសន្នក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ព្រឹត្តិការណ៍២០កុម្ភៈនេះ ខណៈគិត ត្រឹមរសៀលថ្ងៃទី២៥ ខែកុម្ភៈមានអាជីវកម្មចំនួ៧៥ហើយត្រូវបានបិទជាបណ្តោះអាសន្ន។
ជាមួយគ្នានេះដែរ ចំពោះកម្លាំងមានសមត្ថកិច្ចដែលឈរជើងការពារទាំង៧៥ទីតាំងឯកឧត្តម អភិបាលរាជធានីភ្នំពេញក៏បានប្រកាសពីការជួយឧបត្ថមផងដែរ ដើម្បីលើកទឹកចិត្តឱ្យកងកម្លាំងយើងទាំងអស់មានស្មារតីនិងកម្លាំងដើម្បីបំពេញការងារនេះទទួលបានជោគជ័យ៕ សម្បត្តិ