Twitter នឹងបន្ថែមមុខងារថ្មីសម្រាប់អ្នកមាន follow ច្រើនអាចរកលុយបាន

បរទេស៖ ទីបំផុតក្រោយមានការណែនាំនិងជជែកពិភាក្សាគ្នាជាយូរមកហើយនៅសប្តាហ៍នេះបណ្តាញសង្គម Twitter បានប្រកាសបង្ហាញមុខងារថ្មីមួយដែលត្រូវបានគេហៅថា Super Follows ដើម្បីឲ្យអ្នកដែលមានឥទ្ធិពលខ្លាំង និងល្បីល្បាញនៅទីនេះអាចរកលុយបន្ថែមតាមរយៈការទទួលបានចំណូលនៃការបង់ប្រាក់ប្រចាំខែ ឬsubscriber ដោយក្រុមអ្នកគាំទ្ររបស់ខ្លួន។

កន្លងមក Twitter បានព្យាយាមរកវិធីថ្មីៗទាំងការផ្សព្វផ្សាយផងដើម្បីអាចទាញរកចំណូលបានច្រើនបន្ថែមទៀតទាំងសម្រាប់ខ្លួនឯងផង និងអ្នកប្រើប្រាស់ដែលមានតាមដាន ឬ follow ច្រើនផង។នៅពេលនេះវាបានក្លាយទៅជាការពិតហើយក្រោយពេលដែល Twitter បានសម្រេចចិត្តចុងក្រោយថា Super Followsនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់អ្នកគាំទ្រទាំងឡាយណាដែលមានបំណងចង់បានមាតិកា ឬការបង្ហោះពិសេស និងផ្តាច់មុខពី idol ឬគណនីណាមួយដែលគេពេញចិត្ត និងគាំទ្រខ្លាំង។

គណនីដែលនឹងអាចទទួលបាន subscriber គឺចាំបាច់ត្រូវតែជាអ្នកដែលអាចបង្កើតជាមាតិកាប្លែក វិដេអូការ ប្រមូសិន ឬការបង្ហោះជាពិសេសទាំងឡាយណាដែលជាអ្នក follow ធម្មតានឹងមិនអាចមើលឃើញឡើយ ប៉ុន្តែទាមទារឲ្យ អ្នក follow ទាំងនោះបង់លុយជាប្រចាំខែសម្រាប់កម្មវិធីនេះដើម្បីអាចទទួលបានវិដេអូ និងមាតិកាពិសេសទាំងនោះ។

ក្រុមហ៊ុនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ការស្វែងរកអ្នកទស្សនានិងអ្នកគាំទ្រវាគឺជាឱកាសដ៏អស្ចារ្យ ហើយនៅទីនេះ Super Follows នឹងអនុញ្ញាតឲ្យក្រុមអ្នកចូលចិត្តបង្កើតមាតិកា ឬបង្ហោះព័ត៌មានប្លែកពីគេអាចទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់អ្នកគាំទ្ររបស់គេជាពិសេសគឺតាមរយៈប្រាក់កម្រៃបន្តិចបន្តិចដើម្បីអាចឲ្យពួកគេអាចបន្តផលិតវិដេអូ និងព័ត៌មានទាំងនោះបន្ថែមទៀត។

ទោះបីជាយ៉ាងណាក្តី Super Follows នឹងមិនទាន់អាចដំណើរការបានភ្លាមនោះទេ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថានឹងមានរឿងជាច្រើនទៀតដើម្បីចែករំលែកក្នុងពេលប៉ុន្មានខែខាងមុខហើយក៏បានបង្ហើបអំពីមុខងារមួយទៀតដែលអាចរកចំណូលបានដូចគ្នាផងដែរតាមរយៈកាសែតអេឡិចត្រូនិក ឬត្រូវបានហៅថា Revue និងក៏ដូចជាការឆាតជាសម្លេង Twitter Spaces ជាដើមដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងតំណាក់កាលធ្វើតេស្តនៅឡើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner