វៀតណាមរាយការណ៍ពីការរកឃើញអ្នកស្លាប់លើកដំបូង ដោយសារវីរុស Covid-19 បំលែងខ្លួនថ្មី
វៀតណាម រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក Nguyen Thanh Long និយាយថា អ្នកជំនាញជនជាតិជប៉ុនម្នាក់ ដែលបានស្លាប់ក្នុងសណ្ឋាគារមួយនៅសង្កាត់ Tay Ho ក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ គឺត្រូវបានកំណត់ថា ឆ្លងវីរុស Covid-19 បំលែងខ្លួនថ្មី ខណៈគាត់គឺជាអ្នកស្លាប់ដំបូងដោយសារជំងឺនេះ ។
យោងតាមលទ្ធផលតេស្តហ្សែនបង្ហាញថា វីរុសបំលែងខ្លួនថ្មីនេះ ត្រូវបានគេហៅថា 20C ដែលជាទម្រង់នៃវីរុសដែលកំពុងសាយភាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌា និងតៃវ៉ាន់ ។ អ្នកជំនាញធ្វើការឲ្យសាខាក្រុមហ៊ុន Mitsui & Co. Vietnam Ltd រូបនេះ បានបញ្ចប់ការធ្វើចត្តាឡីស័កនៅក្នុងទីក្រុង ហូជីមិញ ចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី៣១ ខែមករា មុនពេលជិះយន្តហោះទៅកាន់ទីក្រុងហាណូយ ជាកន្លែងដែលគាត់ស្នាក់នៅក្នុងសណ្ឋាគារចាប់ពីថ្ងៃទី១ ខែកុម្ភៈមក ។
បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាម គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈនេះ វៀតណាមបានកត់ត្រាករណីឆ្លងវីរុស Covid-19 សរុបចំនួន២ពាន់៤២០ករណី ក្នុងនោះមានអ្នកស្លាប់៣៥នាក់ និងជាសះស្បើយឡើងវិញ១ពាន់៨០៤នាក់ ៕ ប្រភព៖ Toui Tre News