កម្ពុជា-ទីម័រខាងកើត ជំរុញឱ្យបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលទីម័រខាងកើត ជំរុញឱ្យបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។
ការបង្ហាញឆន្ទៈក្នុងការជំរុញឱ្យបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបជាមួយ លោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិទីម័រខាងកើត តាមប្រព័ន្ធវីដេអូ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ៖ «រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្ម ទ្វេភាគី នៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឱ្យភាគីពាក់ព័ន្ធទាំងពីរពិនិត្យលទ្ធភាពបង្កើនសកម្មភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃ ប្រទេសទាំងពីរដែលមានស្រាប់»។
ក្នុងជំនួបរវាងខាងលើនោះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរ អបអរសាទរគ្នា ចំពោះការរីកចម្រើន និង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ជាច្រើនទៀត និងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរពន្លឿនការចរចាលើអនុស្សរណៈ នៃការយោគយល់គ្នាចំនួនបីផ្សេងទៀត។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពី
១. កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍
២. កិច្ចសហប្រតិបត្តិការទូទៅវិស័យពាណិជ្ជកម្ម
៣. កិច្ចសហការបច្ចេកទេសនៃមជ្ឈមណ្ឌលដឹកជញ្ជូនជាតិ៕