Thai Airways ខាតបង់អាជីវកម្មធ្ងន់ធ្ងរកាលពីឆ្នាំ2020 កន្លងទៅ
បរទេស ៖ ក្រុមហ៊ុនអាកាសចរថៃ Thai Airways(THAI) បានប្រកាសជាផ្លូវការហើយកាលពីម្សិលមិញថាខ្លួនបានខាតបង់ប្រាក់ចំណូលសរុបរហូតទៅដល់ 141 ពាន់លានបាត ឬប្រមាណជា 4.66 ពាន់លានដុល្លារកាលពីឆ្នាំ2020កន្លងទៅដោយសារបញ្ហាកូវីដហើយមកដល់ពេលនេះវានៅតែបន្តធ្វើឲ្យក្រុមហ៊ុនអាចឈានទៅដល់ចំណុចប្រកាសអាសន្នផងដែរ។
THAI និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនអាចរកចំណូលបានត្រឹមតែ 48.3 ពាន់លានបាត ប៉ុន្តែធៀបទៅនឹងចំណាយសរុប 96.4ពាន់លានបាត់ មានន័យថាការខាតបង់នៅក្នុងប្រតិបត្តិការគឺមានរហូតទៅដល់ 48.1 ពាន់លានបាត ហើយសរុបប្រាក់ខាតបង់ទាំងអស់មានប្រមាណ 141.1 ពាន់លានបាត។ នេះបើយោងតាមការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនទទួលបន្ទុកកិច្ចការងារហិរញ្ញវត្ថុ និងគណនេយ្យលោក Chai Eamsiri។
តួលេខខាតបង់កាលពីឆ្នាំ2020 នេះផងដែរក៏ត្រូវបានគេមើលឃើញថាមានកម្រិតច្រើនជាងខ្លាំងការខាតបង់សរុបកាលពីឆ្នាំ2019 ដែល THAI មានត្រឹមតែ 129.1 ពាន់លានបាត ខណៈដែលចំនួនភ្ញៀវដែលខ្លួនទទួលបានកាលពីឆ្នាំទៅមានត្រឹមតែ 5.87 លាននាក់ប៉ុណ្ណោះគឺធ្លាក់ចុះរហូតទៅដល់ 76 ភាគរយទៅនឹងចំនួនភ្ញៀវកាលពីឆ្នាំ2019។
គួរឲ្យដឹងដែរថា ភ្ញៀវធ្វើដំណើរចំនួនខាងលើនេះគឺភាគច្រើនពួកគេបានធ្វើឡើងនៅមុនពេលដែលមានការផ្ទុះកូវីដនៅក្នុងប្រទេសដែលបន្ទាប់មកវាបានបណ្តាលឲ្យជើងហោះហើរស្ទើរតែទាំងស្រុងរបស់ខ្លួនត្រូវបានផ្អាក់ដំណើរការ ដោយក្រុមហ៊ុននៅដំណើរការបានតែប្រភេទយន្តហោះដឹកទំនិញមួយប៉ុណ្ណោះ ដែលអាចទាញយកប្រាក់ចំណូលបានបន្តិចបន្តួចមកវិញ។
ជាលទ្ធផលកាលពីខែវិច្ឆិកា THAI Airways បានប្រកាសដាក់លក់យន្តហោះដឹកអ្នកដំណើររបស់ខ្លួនប្រមាណជា 34 ផងដែរនៅលើវេបសាយដែលក្នុងនោះរួមមាន 10 គ្រឿងជាប្រភេទ Boeing 747-400s ផលិតនៅឆ្នាំ 1993 និងឆ្នាំ 2003យន្តហោះ6 គ្រឿងប្រភេទ Boeing 777-200s ផលិតនៅក្នុងចន្លោះឆ្នាំ 1996 ដល់ឆ្នាំ1998និង 6 គ្រឿងទៀតត្រូវបានគេស្គាល់ថាយន្តហោះ Boeing 777-300s ផលិតនៅក្នុងអំឡុងឆ្នាំ1998ដល់ឆ្នាំ 2000ជាដើម។
ជាការឆ្លើយតប THAI Airways បានធ្វើការប្រកាសការកាត់បន្ថយទ្រង់ទ្រាយធំ និងតានតឹងបំផុតដើម្បីអាចរក្សាប្រតិបត្តិការរបស់ខ្លួនរួមមានទាំងការផ្អាកការងារបុគ្គលិកដោយមិនមានការបង់ប្រាក់ជំងឺចិត្ត និងកម្មវិធីសម្រាកលំហែរយៈពេលវែងជាដើម ហើយកាលពីសប្តាហ៍មុននេះតំណែងប្រធានប្រតិបត្តិតាមផ្នែកដល់ទៅ 240 នាក់ត្រូវបានបញ្ចប់ ខណៈដែល 500 នាក់ទៀតសុខចិត្តលាឈប់ពីការងារតែម្តង៕