យុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន មានសេរីភាពនិងសម្រេចចិត្តបានទូលំទូលាយ

អត្ថបទដោយ៖
AMS

គ្រប់សកម្មភាពរស់នៅប្រចាំថ្ងៃត្រូវការថវិកាប្រើប្រាស់ជាចាំបាច់ ហើយម្ចាស់ថវិកាតែងតែមានសិទ្ធិសម្រេ​ច​​ចិត្ត​លើការប្រើប្រាស់ធនធានថវិការបស់ខ្លួនឱ្យសមប្រកប។ ស្របគ្នានេះ ឯករាជ្យភាពក្នុងការសម្រេចចិត្តរបស់យុវជនក៏អាស្រ័យលើភាពចាស់ទុំក្នុងការគ្រប់គ្រងថវិកាដែរ។ ប្រសិនបើយុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន នោះពួកគាត់អាចនឹងមានសេរីភាពក្នុងការសម្រេចចិត្តធ្វើអ្វីមួយបានច្រើនជាងមុន។

អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកានៃក្រុមហ៊ុនពុទ្ធិពល​ បានចែករំលែកថា បើយុវជនចាប់ផ្ដើមមានប្រាក់ចំណូលខ្លួនឯង ដែលបានមកពីការងារ ឬរកស៊ី នោះយុវជនអាចសម្រេចចិត្តដោយខ្លួនឯងបានស្ទើរតែពេញលេញ។ ពេលនោះយុវជនជាម្ចាស់ការលើខ្លួនឯង ជាម្ចាស់លុយ ហើយអាចចំណាយលុយធ្វើអ្វីដែលខ្លួនចង់បាន។ នេះជាសេរីភាពហិរញ្ញវត្ថុដែលយុវជនបង្កើតឡើងដោយខ្លួនឯង។

អ្នកស្រី ប៉ែន បុប្ផា ៖ “ពេលនោះម្ដាយឳពុកនិងក្រុមគ្រួសារ អាចជាអ្នកជួយពិភាក្សានិងដឹងលឺការធ្វើសេចក្ដីសម្រេចរបស់គាត់តែប៉ុណ្ណោះ។ មិនដូចពេលដែលគាត់នៅក្រោមការផ្គត់ផ្គង់ពីអ្នកផ្ទះ គឺគាត់ត្រូវដើរតាមលក្ខខណ្ឌនិងការសម្រេចចិត្តរបស់អ្នកផ្ទះ ព្រោះអ្នកផ្ទះដែលជាអាណាព្យាបាលនឹងមិនអនុញ្ញាតឱ្យធ្វើអ្វីដែលមិនបានការ ឬខាតប្រយោជន៍នោះទេ”។

អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកានៃក្រុមហ៊ុនពុទ្ធិពល

ថវិកាពិតជាដើរតួនាទីសំខាន់សម្រាប់យុវជន ព្រោះថាពួកគាត់ស្ថិតក្នុងវ័យមួយដែលចាប់ផ្ដើមចេះគិតស្រមៃចង់ស្គាល់ ចង់សាកល្បងធ្វើអ្វីដែលថ្មីៗ ហេតុនេះពួកគាត់ត្រូវចាប់ផ្ដើមចេះគិត ចាប់ផ្ដើមចេះសម្រេចចិត្ត គិតពីតម្រូវការខ្លួនឯង ចេះប្រឹងប្រែងសន្សំសំចៃ។ 

មានបទពិសោធនៅក្នុងសង្គម ក៏ដូចជាមានកូនស្រីវ័យជំទង់ក្នុងគ្រួសារផង អ្នកស្រី ប៉ែន បុប្ផា បានបន្ថែមថា ដើម្បីឱ្យមានឯករាជភាពក្នុងការសម្រេចចិត្តរឿងលុយកាក់ គ្រួសារខ្លះចាប់ផ្ដើមបង្រៀនកូនឱ្យចេះសម្រេចចិត្តខ្លួនឯង ក្នុងវ័យដែលកូនចូលរៀនវិទ្យាល័យ។ ឧទាហរណ៍ម្ដាយឳពុកផ្ដល់ប្រាក់ឧបត្ថម្ភឱ្យកូនប្រចាំសប្ដាហ៍ ហេតុនេះកូនអាចសម្រេចចិត្តក្នុងការប្រើប្រាស់ឱ្យសមស្របតាមតម្រូវការ ថាគួរចាយទាំងអស់ ឬចាយខ្លះសន្សំខ្លះទុកសម្រាប់ទិញអ្វីដែលខ្លួនត្រូវការនៅពេលក្រោយ។ “សម្រាប់យុវជនដែលមានប្រាក់ចំណូលខ្លួនឯង ខ្ញុំយល់ថាពួកគាត់ហ៊ានសម្រេចចិត្តច្រើនជាងពេលដែលគាត់សុំលុយអ្នកផ្ទះចាយ”។

តើយុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន មានសេរីភាពក្នុងការសម្រេចចិត្តពិតមែនដែរឬទេ? យុវជន អេង បញ្ញាវុឌ្ឍ និស្សិតឆ្នាំទី2 នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា​ ស្ថិតនៅក្រោមការទំនុកបម្រុងហិរញ្ញវត្ថុពីឪពុកម្តាយ យុវជនពិតជាពិបាកក្នុងការសម្រេចចិត្តដោយខ្លួនឯង។ ប៉ុន្តែវាមិនមែនមានន័យថាពួកគាត់នឹងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបានមួយរយភាគរយ នៅពេលពួកគាត់មានប្រាក់ចំណូលបាននោះទេ វាអាស្រ័យលើស្ថានភាពគ្រួសារដែរ។

បញ្ញាវុឌ្ឍ យល់ឃើញបន្តថា “ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាយើង ឪពុកម្តាយមួយចំនួននៅតែមានអំណាចក្នុងការសម្រេចចិត្តចំពោះកូនៗរបស់ពួកគាត់ ទោះបីជាកូនៗ របស់ពួកគាត់អាចរកប្រាក់បានដោយខ្លួនឯងហើយក៏ដោយ”។

ចំណែកឯ កញ្ញា គង់ ដាលីន ជាអ្នកគ្រប់គ្រង កកូរស្ទូតឌីយោ មិនទាន់ហ៊ាននិយាយថាខ្លួនឯងមានភាពឯករាជ្យទាំងស្រុងនោះទេ ដោយសារសព្វថ្ងៃក៍មានរឿងមួយចំនួនត្រូវអាស្រ័យលើក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ។ ប៉ុន្តែបើនិយាយពីគោលដៅនិងអាជីព​ គឺជាចំណុចដែលកញ្ញាហ៊ាននិយាយថា អាចរំពឹងលើខ្លួនឯងបានដោយមិនចាំបាច់មានការគាំទ្រជាថវិកាពីក្រុមគ្រួសារ។

ភាពឯករាជ្យក្នុងការសម្រេចចិត្ត បានផ្ដល់ឱ្យយុវតី ដាលីន នូវទំនុកចិត្តលើខ្លួនឯង ហ៊ានបង្ហាញ ហ៊ានធ្វើអ្វីក្នុងនាមជាខ្លួនឯង ស្រលាញ់ខ្លួនឯងកាន់តែខ្លាំង និងមិនរង់ចាំក្នុងការផ្ញើរសុភមង្គលនិងភាពរីករាយរបស់ខ្លួនឯងលើអ្នកដទៃ។

តាមយោបល់របស់អ្នកជំនាញហិរញ្ញវត្ថុបានបញ្ជាក់ថា សេរីភាពក្នុងការសម្រេចចិត្តរបស់មនុស្សស្ថិតនៅលើហរិញ្ញវត្ថុ។ យុវជនក៏ដូច្នេះដែរ ក្រៅពីមានភាពចាស់ទុំចេះគិតគូរ មានប្រាក់ចំណូលផ្ទាល់ខ្លួន អាចធ្វើឱ្យយុវជនមានភាពឯករាជ្យក្នុងការសម្រេចចិត្តប្រសើរជាងមុន ព្រោះយុវជនអាចចេះគិតពិចារណា យល់ពីទំហំនៃការសម្រេចចិត្ត និងចេះទទួលខុសត្រូវលើលទ្ធផលដែលខ្លួនទទួលបាន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner