អភិបាលខេត្តឧត្ដរមានជ័យ ចុះពិនិត្យការសាងសង់ស្ពានប្រអប់ពីរកន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះ លោក ប៉ុល ពត !
ខេត្តឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានដឹកនាំមន្ត្រីខេត្ត និងក្រុមការងារ ចុះពិនិត្យការសាងសង់ស្ពានប្រអប់ពីរកន្លែង និងផ្លូវលំមួយខ្សែ តភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ផ្ទះប៉ុលពត នៅថ្ងៃទី២៥កុម្ភះ ម្សិលមិញ នៅចំណុចក្បាលទន្សោង ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានថ្លែងថា ស្ពានប្រអប់ពីរកន្លែង និងផ្លូវលំមួយខ្សែ ដែលតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ គឺជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
លោកអភិបាលខេត្ត បានថ្លែងទៀតថា តំបន់ប្រវត្តិសាស្រ្ត លើភ្នំដងរ៉ែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅគ្រាបច្ចុប្បន្ននេះ កំពុងត្រូវបានរៀបចំកែសម្រួលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ប្រែក្លាយជាតំបន់រម្មណីយដ្ឋានទេសចរប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់មកលេងកំសាន្ត ឲ្យមានភាពងាយស្រួល។
លោក ប៉ែន កុសល្យ បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានតឹងរឹងបំផុត ត្រូវត្រួតពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ត្រូវចាប់ឃាត់ឲ្យបាន នូវពលរដ្ឋលួចឆ្លងដែន ចូលទៅកាប់ឈើក្នុងប្រទេសជិតខាង និងការលួចឆ្លងដែនដោយខុសច្បាប់ ជាពិសេស ការគេចចេញពីការធ្វើចត្តាឡីស័ក៕ដោយ៖ឡុង សំបូរ