អភិបាលខេត្តព្រះវិហារ ជំរុញអាជ្ញាធរក្រុង-ស្រុកទាំង៨ បង្កើនការចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនដល់អាជ្ញាធរក្រុង-ស្រុកទាំង៨ របស់អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានធ្វើឡើងក្រោយពីទទួលបានបទបញ្ជាពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ពីការរីករាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ២០២១ នៅក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅក្នុងតំបន់មួយចំនួនទៀត នៅក្នុងខេត្តកណ្ដាល នោះមក។
នៅថ្ងៃទី២៥កុម្ភះម្សិលមិញ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រីរដ្ឋបាលក្រុង និងសង្កាត់ ចុះផ្សព្វផ្សាយពីបទបញ្ជា ៦ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា និងការចែកម៉ាស ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានថ្លែងឲ្យដឹងថា នៅរយៈពេលថ្មីៗកន្លងមកនេះ រដ្ឋបាលក្រុងព្រះវិហារ ទទួលបានការណែនាំបន្ថែមទៀត ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ឲ្យបង្កើនការចុះផ្សព្វផ្សាយពីបទបញ្ជា ៦ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យមានការយល់ដឹងបន្ថែមទៀត ពីវិធានការ ការពារ ការឆ្លងជំងឺកូវីដ១៩ ក្រោយការផ្ទុះជំងឺដ៏កាចសាហាវនេះ ចូលក្នុងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភះ ដែលជាព្រឹត្តិការណ៍ឆ្លងជាលើកទី៣។
លោក ប៉ុក ងួន បានបន្តថា ដើម្បីរកវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឆ្លងចូលដល់ក្នុងសហគមន៍ឲ្យមានប្រសិទ្ធិភាពនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យអនុវត្តវិធានការណ៍ ៦ចំណុច ទើបអាចយកឈ្នះ លើជំងឺកូវីដ១៩ បានដោយជោគជ័យ ដែលវិធានការទាំងនោះ រួមមាន ៣ការពារ គឺ១.ពាក់ម៉ាស់ ,២.លាងដៃ ,៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់ៗគ្នា។ និងវិធានការ៣កុំ គឺ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ,២.កុំទៅកន្លែងមនុស្សច្រើនកុះករ និងទី៣ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំអោបគ្នាជាដើម។
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានបញ្ជាក់ថា ក្រោយទទួលបាបទបញ្ជា និងសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះវិហារ បានជម្រុញដល់ថ្នាក់ដឹកនាំក្រុង-ស្រុកទាំង៨ ឲ្យយកចិត្តទុកដាក់ខ្ពស់ និងត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីចូលរួមការពារ និងទប់ស្កាត់ទាំងអស់គ្នា។ លោកបានបញ្ជាក់ទៀតថា ការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងដែនដីក្រុង នៅថ្ងៃ២៥កុម្ភះម្សិលមិញនេះ អាជ្ញាធរក្រុង និងគ្រប់សង្កាត់ក្នុងក្រុង បានធ្វើឡើងតាមរយៈការបំពងសម្លេងតាមឃោសនៈស័ព្ទ និងផ្សព្វផ្សាយផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុង ឲ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីវិធានការ ការពារជំងឺកូវីដ១៩ និងការចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ឲ្យបានគ្រប់ៗគ្នា ថែមទៀតផង។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឲ្យដឹងនៅថ្ងៃទី២៦កុម្ភះនេះថា ក្រសួងបានរកឃើញ ៤៤ករណីបន្ថែមទៀត ដោយក្នុងនោះមានៈ ព្រឹត្តិការណ៍សហគមន៍ ៤០នាក់ ភាគច្រើនក្នុងរាជធានីភំ្នពេញ ,អ្នកធ្វើដំណើរចូលកម្ពុជា ៤នាក់។ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” កើនដល់ ២៣៤នាក់ អ្នកឆ្លងសរុប ៧៤១នាក់ និងអ្នកសម្រាកព្យាបាល ២៦២នាក់៕ដោយ៖ឡុង សំបូរ