មកដឹងពីពាក្យពេញនៃជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងរីករាលដាលជាសាកល

អត្ថបទដោយ៖
AMS

អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុក វីរុសកូរ៉ូណា ជាជំងឺរាតត្បាតជាសកលហើយបណ្តាប្រទេសចំនួន 170 នៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណានេះ​។

ជំងឺដែលបង្កដោយវីរុសកូរ៉ូណា ត្រូវបានផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ 2019 (កូវីដ-19 / COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ Corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ Virus (វីរុស)  និង “D” តំណាងឱ្យពាក្យ Disease (ជំងឺ)។ កូវីដ-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS)  និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។

តាមការបង្ហាញដោយអង្គការសុខភាពពិភពលោក វីរុសនេះឆ្លងតាមរយៈ​ការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗ​ ដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក  និងកណ្តាស់ ឬខ្ទាតទៅប៉ះ) និងការប៉ះទៅលើវត្ថុ​នានាមានជាប់វីរុស។ វីរុសកូវីដ-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។​

រោគសញ្ញានៃអ្នកជំងឺកូវីដ-19 អាចមានអាការៈគ្រុនក្តៅ ក្អក  និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ កាន់តែកម្រ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។ រោគសញ្ញាទាំងនេះស្រដៀងនឹងជំងឺផ្តាសាយ (influenza) ឬ ជំងឺផ្តាសាយទូទៅដែលកើតមានច្រើនជាងកូវីដ-19 ។ នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា អ្នកណាម្នាក់ពិតជាមានផ្ទុកវីរុសកូវីដ-19។

វិធានការការពារសំខាន់ៗ មានដូចជាលាងសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។ ទន្ទឹមគ្នានេះ ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ និងត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។

ដំបូន្មានរបស់សុខាភិបាល ការប្រើប្រាស់ម៉ាស់តែមួយមុខគត់នៅមិនគ្រប់គ្រាន់ឡើយដើម្បីបញ្ឈប់ការចម្លង ប៉ុន្តែអ្នកត្រូវអនុវត្តរួមផ្សំជាមួយនឹងការលាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព កាត់បន្ថយការជួបជុំមនុស្សកុះករ ចៀសវាងនៅ​កន្លែងបិទជិត​គ្មានខ្យ​ល់ចេញ​ចូល និងមិនត្រូវ​ប៉ះ​ពាល់​នរណា​ម្នាក់ដោយផ្ទាល់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner