កូវីដ-១៩ វាយប្រហារកសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេនៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់មាត់សមុទ្រដូចជាខេត្តកែប កំពត និងព្រះសីហនុជាដើម ភាគច្រើនប្រកបរបរនេសាទ។ ដោយឡែក ស្ត្រីម្នាក់នៅខេត្តព្រះសីហនុបែរមានគំនិតប្លែកពីគេដោយបានបើកកសិដ្ឋានចិញ្ចឹមក្ដាមតែម្ដង។

អ្នកស្រី អ៊ុង ពុធមូល្លិកា ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេមួយនៅវាលរិញ ខេត្តព្រះសីហនុ។ កសិដ្ឋានមួយនេះមានស្រះចិញ្ចឹមសរុបប្រមាណ២០ស្រះ លាតសន្ធឹងលើផ្ទៃដីជាង ១០ហិចតា។ ក្នុងចំណោម២០ស្រះនោះ មានស្រះខ្លះសម្រាប់បំប៉នកូនក្ដាមតូចៗ។

អ្នកស្រីបានប្រាប់ឱ្យដឹងថា៖ «ក្នុងមួយស្រះយើងដាក់កូនក្ដាមចូល ៣០០គីឡូក្រាម ហើយក្នុង១គីឡូក្រាម មានក្ដាម១៧ក្បាល អ៊ីចឹង១ស្រះមានក្ដាមរាប់ពាន់ក្បាល»។ គាត់បន្តថា «កូនក្ដាមទាំងនេះបានមកពីអ្នកនេសាទដែលយកមកលក់ឱ្យ ហើយយើងក៏យកមកចិញ្ចឹមបន្តដោយប្រើត្រីនុយ។ ដោយសារតម្រូវការមានកាន់តែច្រើន ប៉ុន្តែកូនក្ដាមធម្មជាតិមិនអាចបំពេញសេចក្ដីត្រូវការបានទេ ព្រោះវាសម្បូរតែ៣ខែប៉ុណ្ណោះក្នុង១ឆ្នាំ ហេតុនេះមានតែវិធីធ្វើការភ្ញាស់កូនដោយខ្លួនឯងតែម្ដង»។

រូបភាព ៖ អ្នកស្រី អ៊ុង ពុធមូល្លិកា ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មនៅខេត្តពញរះសីហនុ

ការចិញ្ចឹមក្ដាមថ្មនេះត្រូវបានអ្នកស្រីអះអាងថាត្រូវចំណាយពេលប្រមាណ ២ខែកន្លះ ទៅ ៣ខែទើបអាចចាប់លក់បាន។ អ្នកស្រីបានរៀបរាប់ថា ៖ «ក្ដាមដែលយើងចាប់លក់គឺក្ដាមមានទម្ងន់ចាប់ពី៣ខាំឡើងទៅ ជាក្ដាមលេខ១ ក្ដាមមានទម្ងន់២ខាំកន្លះចុះ ជាក្ដាមលេខ២ ហើយនឹងក្ដាមមេពង ឯក្ដាមណាតូចៗយើងប្រលែងវាចូលស្រះវិញ»។
ការចិញ្ចឹមក្ដាមថ្មនេះ ទាមទារឱ្យមានបច្ចេកទេស និងមានការយកចិត្តទុកដាក់ខ្ពស់ ហាលក្ដៅ ហាលភ្លៀងជាដើមទើបអាចចញ្ចឹមបាន។

សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលចង់ចិញ្ចឹមក្ដាមថ្មនេះ បងប្អូនអាចធ្វើការទិញកូនក្ដាមពីកសិដ្ឋានរបស់អ្នកស្រីផ្ទាល់ ហើយអ្នកស្រីនឹងធ្វើការបង្រៀនបច្ចេកទេសចិញ្ចឹមតាំងពីថ្ងៃដាក់ ដល់ថ្ងៃប្រមូលផលតែម្ដង។
យ៉ាងណាមិញ កាលពីមុន ថ្ងៃធម្មតា អតិថិជនបញ្ជាទិញប្រមាណ ៤០-១០០គីឡូក្រាម ចំណែកបុណ្យទានគេទិញពី ២០០-៣០០គីឡូក្រាម។ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពតានតឹងដោយសារការផ្ទុះជំងឺកូវីដ-១៩ ធ្វើឱ្យការលក់ចេញរបស់អ្នកស្រីមានការធ្លាក់ចុះយ៉ាងគំហុក ហើយប្រឈមទៅនឹងការខាតបង់ទៅលើប្រាក់ចំណាយថ្លៃទិញត្រីនុយឱ្យកូនក្តាមស៊ីបន្ត។

ជាមួយនឹងការត្អូញត្អែរពីភាពប្រឈមនឹងការខាតបង់ខាងលើនេះ អ្នកស្រី អ៊ុង ពុធមូល្លិកា ក៏បានបញ្ជាក់ផងដែរថា ការធ្លាក់ចុះនៃការលក់ក៏ព្រោះបណ្តាលមកពីបញ្ហាជំងឺកូវីដដែលកំពុងរាតត្បាតក្នុងសហគមន៍ ពោលគឺមិនសូវមានមនុស្សចេញដើរ បណ្តាហាងមួយចំនួនដែលតែងកុម្ម៉ង់ត្រូវផ្អាក ដូច្នេះមានតែការចិញ្ចឹមក្តាមបន្ត និងថែទាំកុំឱ្យងាប់ជៀសវាងខាតបង់កាន់តែធ្ងន់ធ្ងរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner