សម្តេចក្រឡាហោមបានផ្តល់នូវស្ពានបេឡេថ្មីមួយខ្សែបន្ថែមទៀត ដល់ស្រុកបាណន់ ដែលជាស្ពានដង្ហើមសេដ្ឋកិច្ចតភ្ជាប់ទៅកាន់ស្រុក ចំនួន៤ សំខាន់ៗ របស់ខេត្តបាត់ដំបង (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ បានថ្លែងនៅក្នុងឱកាសចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ស្ពានបេឡេ កាលពីចុងសប្តាហ៍នេះ និងដើម្បីចង់ស្វែងយល់ អំពីវឌ្ឍនភាព ក្នុងការសាងសង់ស្ពានបេឡេ ដែលស្ថិតនៅក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមស ខេង តាមរយៈឯកឧត្តមផ្ទាល់ ជាប្រធានក្រុមការងារចុះជួយក្នុងស្រុកបាណន់នេះ។ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ក៏បានបន្តទៀតថា៖ ការផ្តល់ នូវ ស្ពានបេឡេថ្មីបន្ថែមមួយខ្សែទៀតនេះ គឺ៖ជាស្ពានដែលនិងផ្តល់នូវដង្ហើមសេដ្ឋកិច្ច និងជាសរសៃឈាមដើម្បីតភ្ជាប់ទៅកាន់បណ្តាស្រុកសំខាន់ៗចំនួន៤ រួមមាន៖ ស្រុកសង្កែ, បាណន់, គាស់ក្រឡ និង ស្រុកសំឡូត ជាដើម…។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកស្ពានដែកបេឡេថ្មីមួយខ្សែនេះ ពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋក្នុងស្រុកបាណន់ផ្ទាល់ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំកន្ទឺ១នេះតែម្តង ។ ដែលកន្លងមកបងប្អូនតែងតែគាំទ្រនូវគោលនយោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រហូតមក។ ឯកឧត្តមសន្តិបណ្ឌិតក៏បានគូសបញ្ជាក់និងបានរំលេចឲ្យដឹងបន្ថែមទៀតថា៖កន្លងមកនៅអំឡុងឆ្នាំ២០១២-២០១៣ សម្តេចក្រឡាហោមបានទទួលយកសំណូមពរដោយទទូចពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ ដែលចង់បានស្ពាន ដើម្បីងាយស្រួលឆ្លងកាត់ក្នុងការដឹកកសិផលកសិកម្មទៅកាន់ទីផ្សារនានា។ ហើយក្នុងនោះសម្តេចក៏បានទទួលយកសំណើរទាំងនេះដើម្បីរិះរកលទ្ធភាពជួយដល់បងប្អូននិងដើម្បីឆ្លើយយបពីតម្រូវការចាំបាច់ជាក់ស្តែងជួយដល់បងប្អូននៅក្នុងឃុំ ក៏ដូចជាប្រជាពលរដ្ឋស្រុកបាណន់ទាំងមូលផងដែរ។

ស្ពានបេឡេថ្មី ដែលកំពុងតែសាងសង់នេះ គឺមានប្រវែង១២៦ម៉ែត្រ និងទទឹង៤,២០ម៉ែត្រ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២០ ដោយកងកម្លាំងវិស្វកម្ម និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសសរពក ជាប់និងព្រំប្រទល់ភូមិទួលធ្នង់ ឃុំកន្ទឺ១ស្រុកបាណន់ខេត្តបាត់ដំបង។ស្ពានបេឡេនេះ អាចផ្ទុកទម្ងន់ឆ្លងកាត់ បានប្រមាណ១៥តោន ក្រោយពីការសាងសង់រួចតាមបទដ្ឋានបច្ចេកទេស ហើយនោះ។ នេះបើតាមការគូសបញ្ជាក់ របស់អ្នកជំនាញកងវិស្វកម្ម ដែលកំពុងតែស្ថាបនាកសាងស្ពាននៅទីនោះ។ ក្នុងខណៈពេលដែលឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាចុះជួយស្រុក និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអមដំណើរដោយថ្នាក់ដឹកនាំតាមបណ្តាមន្ទីរវិស័យជំនាញក្នុងខេត្ត និងថ្នាក់ដឹកនាំក្រុមការងារ  អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងកងកម្លាំងទាំង៣ប្រភេទនៅក្នុងស្រុក បានអញ្ជើញចុះទៅពិនិត្យមើលអំពីវឌ្ឍនភាពនៃការសាងសង់ស្ពានថ្មីមួយខ្សែនេះ ដែលមានតម្លៃប្រមាណជា ២៧ម៉ឺនដុល្លារអាមេរិក។ហើយស្ពាននេះគ្រោងនិងបញ្ចប់ក្នុងការសាងសង់នៅក្នុងអំឡុងខែសីហាឆ្នាំ២០២០ ខាងមុខនេះ ។ បើយោងតាមស្មារតី នៃកិច្ចប្រជុំពិភាក្សា ក្នុងនោះ ឯកឧត្តមសន្តិបណ្ឌិត សុខផល និងឯកឧត្តម ងួន រតនៈ ក៏បានសំណូមពរ និង ជម្រុញឲ្យកងកម្លាំងវិស្វកម្មធ្វើការកែលម្អបន្ថែមជើងសសរទម្រស្ពានចំនួន៦សសរបន្ថែមទៀតដើម្បីជាការត្រៀមទុកជាស្រេចទៅថ្ងៃអនាគត ដោយអាចប្រែក្លាយស្ពានបេឡេនេះឲ្យទៅជាស្ពានថ្ម នៅពេលណាដែលប្រទេសជាតិរីកចម្រើនផ្នែកសេដ្ឋកិច្ច។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់និងឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានសំណូមពរសុំឲ្យកងកម្លាំងវិស្វកម្ម ដែលកំពុងតែអនុវត្គគម្រោងសាងសង់ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ស្ពានឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការសាងសង់ឲ្យរឹងមាំយូរអង្វែង៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner