រកឃើញអ្នកកើតជំងឺកូវីដ-១៩ម្នាក់ធ្លាប់បានចូល ផ្សារម៉ាក្រូ ក្រសួងសុខាភិបាលប្រកាសដល់អ្នក ធ្លាប់ចូលផ្សារ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈទៅធ្វើតេស្ដ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលផ្សារម៉ាក្រូ នៅខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ យកសំណាកធ្វើតេស្ដ ព្រោះក្រសួងរកឃើញថា មានអ្នកធ្លាប់ចូលផ្សារនេះ នៅថ្ងៃទី២០ ខែកុម្ភៈ កើតជំងឺកូវីដ-១៩។ នេះបើតាម ឯកឧត្តម លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ។

ឯកឧត្តម លី សូវ៉ាន់ ប្រាប់ថា ក្រសួងសុខាភិបាល បានទទួលព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ថា មានជនបរទេសម្នាក់ កើតជំងឺកូវីដ-១៩ ហើយបានទៅផ្សារទំនើបម៉ាក្រូ កាលល្ងាច ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ប្រជាពលរដ្ឋដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភៈ ចន្លោះម៉ោង៥ល្ងាច ទៅម៉ោង៦ល្ងាច សូមទៅធ្វើតេស្តនៅទីតាំង ដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល រាជធានី-ខេត្ត មានស្រាប់។ ដោយឡែក ចំពោះបុគ្គលដែលមិនមាន រោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ហើយព័ត៌មាន បន្ថែមសូមទាក់ទងលេខ១១៥។

គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner