អាជ្ញាធរខេត្តបាត់ដំបងនិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ-ស្រុកសង្កែ ធ្វើការព្រមានដល់អ្នកជាប់ពាក់ព័ន្ធពីការទន្ទ្រានដីព្រៃក្នុងតំបន់៣ ដែលនៅតែបន្តកើតមាននិងត្រូវប្រឈមចំពោះមុខច្បាប់ដោយមិនលើកលែង នោះឡើយ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានធ្វើការព្រមានដោយធ្ងន់ៗថាកន្លងមកនេះការកាប់បំផ្លាញ ងទន្រ្ទាមដីព្រៃលិចទឹកនៅតំបន់៣គឺ៖ នៅតែបន្តកើតមានតាមបណ្តាស្រុកមួយចំនួនក្នុងនោះដូចជា៖ស្រុកសង្កែ, មោងឫស្សី, ឯកភ្នំនិងស្រុកថ្មគោលជាដើម ហើយការកាប់បំផ្លាញ ការទន្រ្ទាននូវដីព្រៃលិចទឹកក្នុងដែន តំបន់២ និង តំបន់៣ ដែលត្រូវហាមដាច់ខាតនិងកំណត់ដោយច្បាប់នៅតែបន្តកើតមានជាដដែលៗ បើទោះបីអាជ្ញាធរបឹងទន្លេសាប និងមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយចាប់តាំងពីអំឡុង ឆ្នាំ២០១១មកម៉្លេះ។ ហើយនៅកន្លែងខ្លះថែមទាំងបានបោះបង្គោលកំណត់ព្រំ ពីតំបន់១ តំបន់២ និង តំបន់៣ ដែលជាតំបន់ហាមឃាត់ដោយច្បាប់ដាច់ខាតនិងជាតំបន់ព្រៃលិចទឹក ដែលជាជម្រកត្រីពូជពងកូន និង ជីវៈចម្រុះមច្ឆជាតិ ទៀតផង។

ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើងក្នុងខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អឲ្យប្រសើរឡើងវិញ ផ្លូវខេត្ត លេខ១៥៦(BB2) ដោយធ្វើការចាក់ក្រាលដីល្បាយថ្ម ប្រវែង៤,៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានវត្តមានពីឯកឧត្តម កុល វិរ័ក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ
ងារចុះជួយស្រុកសង្កែនិងឃុំតាប៉ុន ព្រមទាំងថ្នាក់ដឹកនាំអង្គភាព មន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុកនៅទីនោះព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមកុះករប្រមាណជាង២០០គ្រួសារ។

ក្នុងឱកាសចូលរួមពិធីបេីកការដ្ឋាន ក្នុងការស្តារ និងជួសជុល កែលម្អឡេីងវិញ ផ្លូវខេត្ត លេខ ១៥៦BB2មួយខ្សែនេះ ដែលមានប្រវែង ៤.៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ នេះ។ឯកឧត្តម កុល វីរ័ក្ស ប្រធានក្រុមការងារចុះជួយស្រុក-ឃុំនៅទីនោះ ក៏បានថ្លែងរំលឹកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោមកន្លងមក ដែលបានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកឃុំ ជុំវិញបាតុភាពអសកម្មដែលបានកើតឡើងក្នុងស្រុកសង្កែកន្លងមកនេះ ករណីការកាប់បំផ្លាញនិងទន្រ្ទានដុតបំផ្លាញព្រៃលិចទឹក វាតយកដី។ ហើយករណីខាងលើនេះ ក្នុងរយៈពេល១-២ខែកន្លងមកនេះ លោកបានស្រាវជ្រាវរកឃើញករណីកាប់ទន្ទ្រានដុតបំផ្លាញព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រឃុំតាប៉ុននេះ មានប្រមាណក្បែររាប់រយហិកតា។នេះមិនទាន់គិតពីករណីនៅតាមបណ្តាឃុំមួយចំនួនទៀតក្នុងស្រុកនេះផង។ឯកឧត្តម កុល វីរ័ក្ស ក៏បានធ្វើការក្រើនរំលឹកដោយព្រមានធ្ងន់ៗថា៖ ប្រសិនបើមាន ករណីនេះកើតឡើងលើបុគ្គលណាមួយ?បើអាចដកខ្លួនបានដកខ្លួនឲ្យទាន់ពេលវេលា។ ហើយបើបុគ្គល ដែលជាប់ពាក់ព័ន្ធ និងករណីបែបនេះពិតមែន? និងប្រឈមចំពោះមុខច្បាប់។ ហើយសម្តេចក្រឡាហោមស ខេង ក៏លោកមិនលើកលែងឲ្យឡើយ…។

ទាក់ទិននិងព័ត៌មានដែលរំលេចលើកឡើងពីឯកឧត្តមប្រធានក្រុមការងារនៅទីនោះ។ឯកឧត្តម ងួន រតនៈ ភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ឲ្យដឹងថា៖កន្លងមកនេះ បញ្ហាការកាប់ទន្ទ្រានបំផ្លាញព្រៃលិចទឹកដែលស្ថិតក្នុងតំបន់៣ដែលជាតំបន់ហាមឃាត់ដាច់ខាត ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រួមនិងស្ថាប័នជំនាញពាក់ព័ន្ធបានធ្វើកន្លងមកជាហូរហែររួចហើយ។ តែជាលទ្ធផលដូចជាមិនសូវទទួលបានជោគជ័យដោយសារ តែកត្តាពាក់ព័ន្ធមួយចំនួន…។ ពេលខ្លះគេប្រើពាក្យសំដីឌឺដងដាក់កម្លាំងសមត្ថកិច្ចចម្រុះនៅតាមទីតាំងស្នាក់ការឈរជើងប្រចាំការនៅតំបន់ទាំងនោះទៀតផង ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថាកន្លងមក ពួកប្រព្រឹត្តល្មើសទាំងនោះតែងយកប្រជាជនធ្វើបង្អែក ដោយលើកទឹកចិត្តឲ្យមានភាពកក៎ក្តៅពីសុវត្ថិភាពដល់បងប្អូន ក្នុងការកាប់បំផ្លាញនិងទន្រ្ទានដីព្រៃលិចទឹកទាំងនោះ ដើម្បីបានដី ជាដើម…។

ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការព្រមានក្នុងការចុះទៅបង្ក្រាបបទល្មើសជាក់ស្តែងទាំងនេះ ដែលស្ថិតក្នុងតំបន់៣ ជាតំបន់ហាមដាច់ខាត ដើម្បីយកជនល្មើសនិងអ្នកពាក់ព័ន្ធបញ្ជូនទៅកាន់សាលាដំបូងខេត្ត។ ឯកឧត្តមបានចាត់ទុកការរលាយហិនហោចព្រៃលិចទឹក កន្លងមកគឺជាកត្តាអត្តនោម័តកើតឡើងពីមនុស្ស មិនមែនជារឿងមហន្តរាយដោយគ្រោះធម្មជាតិកើតឡើងនោះទេ?ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានធ្វើការណែនាំនិងបានអំពាវដល់ប្រជាសហគមន៍ត្រូវចូលរួមទប់ស្កាត់ឲ្យបាន។សហគមន៍ត្រូវចូលរួមនិងមានភាពស្អាតស្អំជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅពេលឃើញហេតុការមិនប្រក្រតីកើតឡើងនៅទីនោះត្រូវផ្តល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចនៅទីនោះដើម្បីបង្ក្រាបបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ទៀតថា៖បច្ចុប្បន្ននេះវិសាលភាពនៃដីព្រៃលិចទឹកប្រមាណជា២០ម៉ឺនហិកតា ដែលតម្រូវនិងទាមទារ ឲ្យបងប្អូនប្រជាសហគមន៍ ត្រូវចូលរួមជាមួយសមត្ថកិច្ចដែលបានឈរជើងនៅទីនោះឲ្យបានម៉ឺងម៉ាត់ក្នុងការការពារ នូវ ធនធានដីព្រៃលិចទឹកឲ្យបាន។ឯកឧត្តម ងួន រតនៈ បានធ្វើការក្រើនរំលឹកទៀតថា៖ការអស់ព្រៃលិចទឹក វានិងអស់នូវធនធានជលផល ហើយជីវភាពប្រជាពលរដ្ឋនៅទីនេះ និងអាចធ្លាក់ចុះ ព្រោះជីវភាពរស់នៅបងប្អូនគឺពឹងផ្អែកធនធានជលផល មិនខុសពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះជីវាំងនិងឃុំព្រៃចាស់ ក្នុងស្រុកឯកភ្នំនោះទេ៕អ៊ុក សំអាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner