លោក ជិន សារិន ៖ បោះបង់អាជីពចំណូលខ្ពស់ «វិស្វករសំណង់» មកចេញរកស៊ីក្លាយជាម្ចាស់អាជីវកម្មទាខ្វៃជាង២០សាខា

ភ្នំពេញ៖លោក ជិន សារិន វ័យជាងសាមសិបឆ្នាំ ជាម្ចាស់អាជីវកម្មទាខ្វៃយីហោក្នុងស្រុក ដែលមានទីស្នាក់ការកណ្តាលនៅភ្នំពេញ និងរទេះស្តង់ដារចំនួនជាង20សាខា ទាំងនៅរាជធានីភ្នំពេញ និងមានសាខានៅតាមបណ្តាខេត្តសក្តានុពលមួយចំនួនទៀតផង។

សហគ្រិនរូបនេះបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនបន្ទាប់ពីបោះបង់អាជីពចំណូលខ្ពស់ផ្នែកវិស្វករ ដើម្បីចាប់យករបរលក់ទាខ្វៃមួយដែលមានយីហោ «ទាខ្វៃ007»ក្នុងគោលដៅធំៗពីរ គោលដៅទីមួយ គឺចង់បង្កើតការងារឲ្យអ្នកដទៃឲ្យបានច្រើន និងគោលដៅមួយទៀត លោកចង់បង្កើតយីហោខ្លួនឯងមួយ ដែលអាចពង្រីកសាខាបានគ្រប់ទីកន្លែង ពោលគឺអាចលក់សិទ្ធិអាជីវកម្ម(ហ្រ្វេនឆាយ)បាន។

សហគ្រិនរូបនេះ បានប្រាប់ AMS Economy ថា ដើម្បីអាចចាប់ផ្តើមរបរនេះបាន គាត់បានទៅរៀនជំនាញម្ហូបអាហារបន្ថែម មុននឹងចាប់របរដុតទា ដោយមានការណែនាំបន្ថែមពីដៃគូផ្គត់ផ្គង់ជាជនជាតិចិន។ ត្រឹមមួយឆ្នាំប៉ុណ្ណោះពោលគឺឆ្នាំ2016 សហគ្រិនវ័យក្មេងរូបនេះ បានពង្រីកខ្លួន៣សាខា និងបានពង្រីកសង្វាក់ផលិតកម្មកាន់តែធំរហូតអាចពង្រីកសាខាជាបន្តបន្ទាប់ និងចេញលក់ហ្រ្វេនឆាយនៅចុងឆ្នាំ2020កន្លងទៅថ្មីៗនេះ ក្រោយរៀបចំទីស្នាក់ការកណ្តាល រចនាសម្ព័ន្ធក្រុមហ៊ុន និងប្រតិបត្តិការណ៍សម្រាប់គ្រប់គ្រងអាជីវកម្មដែលមានសាខាច្រើនរួចរាល់។

សហគ្រិនមកពីខេត្តតាកែវរូបនេះ បានបន្តថា យុទ្ធសាស្រ្តរកស៊ីដែលជួយជម្រុញឲ្យអាជីវកម្មនេះរីកចម្រើនមកទល់សព្វថ្ងៃនោះគឺ ការយក”អតិថិជន”ជាគោលដៅទីមួយ រីឯ«បុគ្គលិក»ជាគោលដៅសំខាន់បន្ទាប់ និង«ដៃគូអាជីវកម្ម»ជាគោលដៅចុងក្រោយ។
លោកបកស្រាយបន្ថែមថា ការយកអតិថិជនជាគោលដៅទីមួយ គឺការស្វែងរកអ្វីដែលថ្មី រសជាតិថ្មី គុណភាពផលិតផល និងសេវាកម្មផ្សេងៗឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យអតិថិជនមានភាពងាយស្រួល និងមានដាក់ភាពស្មោះត្រង់នៅក្នុងការលក់ផលិតផល ដោយមិនដាក់របស់មិនល្អ និងខូចគុណភាពលក់ជូនភ្ញៀវឡើយ។
រីឯបុគ្គលិក គឺគាត់សំដៅលើការផ្តល់ភាពកក់ក្តៅក្នុងការធ្វើការ អ្នកដែលខំប្រឹងនឹងទទួលបានការកោតសរសើរ និងតួនាទីសំខាន់ក្នុងក្រុមហ៊ុន ពិសេសនោះអ្នកដែលធ្វើការជាមួយគាត់នឹងទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីអោយជីវិត និងជំនាញពួកគេម្នាក់ៗកាន់តែប្រសើរឡើងផងដែរ។

ចំណែកគោលដៅសំខាន់ចុងក្រោយ គឺដៃគូអាជីវកម្ម ដៃគូអាជីវកម្មដែលជម្រុញឲ្យអាជីវកម្មកាន់តែរីកចម្រើនលឿនរហ័សនោះ លោកជិន សារិនបានគូសបញ្ជាក់ថា លោករើសយកដៃគូអាជីវកម្មណាដែលរកស៊ីចេះឲ្យតម្លៃគ្នា រកស៊ីស្មោះត្រង់នឹងគ្នា ទើបការសហការណ៍អាចបង្កើតនូវលទ្ធផលល្អនាពេលខាងមុខ។

និយាយពីយុទ្ធសាស្រ្តរកស៊ីនេះ លោកជិន សារិន បានបង្ហើបយុទ្ធសាស្រ្តលក់មួយទៀត ដែលជួយឲ្យយីហោរបស់លោកដែលទើបកកើតបាន5ឆ្នាំនេះមានភាពលេចធ្លោខ្លាំងនោះគឺ យុទ្ធសាស្រ្តប្រៀបធៀប«បើគេអត់យើងមាន បើគេមានយើងល្អ បើគេល្អយើងលក់ថោក»។ មានន័យថា ត្រូវតែដើរលឿនជាងគូប្រជែងដោយបង្កើតផលិតផលថ្មី ច្នៃផលិតផល និងសេវាកម្មឲ្យល្អជាងគេ ធ្វើម៉េចឲ្យដើរហួសពីការប្រជែងគ្នាបែបសមុទ្រក្រហម ដែលផលិតផលយើងមាន ហើយគេក៏មានដូចយើងដែរ។

ដោយឡែក និយាយពីគោលការណ៍មុនចេញរកស៊ីវិញ លោក ជិន សារិន បានផ្តាំថា សម្រាប់អ្នកដែលមិនទាន់បានចេញរកស៊ី សូមកុំងប់នឹង«ទ្រឹស្តី»ពេក អ្នកគួរចេញរកស៊ីដោយមានគោលដៅច្បាស់សិន ហើយដឹងថា តើមូលហេតុអ្វីទើបអ្នកចេញរកស៊ីពិតប្រាកដ?
ត្រង់ចំណុចនេះ លោកបន្ថែមទៀតថា «សូមកុំចេញរកស៊ីដោយគ្រាន់តែមើលឃើញឱកាសប្រាក់ចំណេញ ឬចេញរកស៊ីតាមគ្នា ដោយមិនមែនចេញពីក្តីស្រម៉ៃ និងឆន្ទះរបស់ខ្លួនពិតប្រាកដ ហើយការរកស៊ីត្រូវតែប្រកាន់ភាពស្មោះត្រង់ ទើបអាចដឹកនាំអាជីវកម្មមួយបានរីកចម្រើន និងអាចរកស៊ីបានយូរ»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner