កម្មវិធី COVAX របស់ WHO នឹងផ្តល់វ៉ាក់សាំង COVID-19 សរុប២៣៧លានដូសដល់ប្រទេសចំនួន១៤២នៅត្រឹមចុងខែឧសភាខាងមុខ
ស្វីស៖ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា នឹងចែកចាយថ្នាំវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា ចំនួន២៣៧លានដូសឱ្យទៅប្រទេសចំនួន១៤២ នៅចុងខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ខណៈបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងជាសកល ។
បើតាមការគ្រោងទុកនោះ ការផ្ដល់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន អាស្រ្តាហ្សេណេកា និងវិទ្យាស្ថាន សេរូម របស់ប្រទេសឥណ្ឌា នឹងត្រូវបែងចែកជាកាលវិភាគពីរខែដាច់ដោយឡែកពីគ្នាដោយលើកទី ១ នៅខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២១ និងលើកទី២ នៅខែមេសាដល់ខែឧសភា ឆ្នាំ២០២១ ។
សូមជម្រាបផងដែរថា COVAX គឺជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលមានគោលបំណងធានានូវការទទួលបាន វ៉ាក់សាំងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសុវត្ថិភាព ខណៈកម្មវិធីនេះផ្ដោតជាសំខាន់លើបណ្ដាប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម ៕ ប្រភព៖ CNA

