ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាក់ថា ការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺជាមធ្យោបាយតែមួយគត់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះបានជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មរបស់ខ្លួនវិញ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) នេះបើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA ។
អំឡុងពេលសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង លោក រូហានី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចមិនអាចចរចារបានទេ ហើយមធ្យោបាយតែមួយគត់ ដើម្បីការពារ និងធ្វើឱ្យកិច្ចព្រមព្រៀងនេះប្រសើរឡើងវិញ គឺសហរដ្ឋអាមេរិកត្រូវដកទណ្ឌកម្មជាមុនសិន ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា ការផ្អាកនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់ ចំពោះការអនុវត្តដោយស្ម័គ្រចិត្តនៃពិធីសារបន្ថែមរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់ដែលអនុម័តដោយសភាអ៊ីរ៉ង់ ៕ ប្រភព៖ ស៊ីនហួរ


