ជម្លោះកើតឡើងរឿងថាតើនរណាជាអ្នកតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ
អាមេរិក៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ របស់រដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ពីអំណាច បានទាស់សម្ដីគ្នាជុំវិញថាតើនរណាជាអ្នកតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ានៅប្រចាំស្ថាប័នកំពូលរបស់ពិភពលោកមួយនេះ ។
អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក ខ្យ៉ ម៉ូ ធុន បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធា នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយសន្យាថា លោកនឹងចូលរួមជួយស្ដាររដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ឡើងវិញ ។ មួយថ្ងៃបន្ទាប់ រដ្ឋាភិបាលយោធាបានប្រកាសបណ្ដេញលោក ខ្យ៉ ម៉ូ ធុន ចេញពីតំណែងភ្លាមៗ ។ ប៉ុន្តែនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ខ្យ៉ ម៉ូ ធុន បានសរសេរលិខិតមួយច្បាប់ផ្ញើជូនប្រធានមហាសន្និបាតអង្គការសហប្រជាជាតិថា លោកនៅតែកាន់មុខតំណែងនេះដដែល ។
ទោះជាយ៉ាងក៏ដោយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសមីយ៉ាន់ម៉ា ក៏បានផ្ញើកំណត់ហេតុមួយច្បាប់ទៅកាន់អង្គការសហប្រជាជាតិផងដែរ ដោយបញ្ជាក់ថា លោក ខ្យ៉ ម៉ូ ធុន ត្រូវបានដកតំណែងហើយ ៕ ប្រភព៖ AFP


