កងកម្លាំងនគរបាល នាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ ៖ កងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋបាលទូទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានចូលរួមទទួលចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈកងកម្លាំងនគរបាលជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នេះ។

ក្នុងនាមកងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសមានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន និងបានសម្រេចចិត្តចាក់វ៉ាក់សាំងប្រភេទនេះជាលើកទី១ និងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងប្រភេទនេះ ជាលើកទី២ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ-១៩។

ក្នុងនាមកងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋាបាលទូទៅ ក៏ដូចជាកងកម្លាំងនគរបាលទូទាំងប្រទេស សូមគោរព និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម នាយឧត្តមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំអង្គភាព និងលោក-អ្នកគ្រូពេទ្យ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណ: និងបានអនុញ្ញាតឲ្យកងកម្លាំងនគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងនាឱកាសនេះ។ យើងខ្ញុំនឹងនៅតែបន្តអនុវត្តវិធានការ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាក្នុងប្រតិបត្តិការបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិនិងប្រជាជន។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner