អាហារព្រឹក ថ្ងៃ ល្ងាច គួរញ៊ាំពេលណាទើបល្អ?
ថាមពលរាងកាយពិតជាសំខាន់ សម្រាប់ជួយទ្រទ្រង់សុខភាព និងសម្រស់របស់មនុស្សយើងគ្រប់គ្នា បើយោងតាមដំបូន្មានពីគ្រូពេទ្យបានប្រាប់ថា អាហារ៣ពេលប្រចាំថ្ងៃក៏ត្រូវតែឲ្យទៀងតាមពេលវេលាត្រឹមត្រូវ ដើម្បីរំលាយអាហារនិងស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារផ្សេងៗដែលបានទទួលទាន។ ហេតុនេះយើងត្រូវដឹងពីពេលវេលាដែលត្រឹមត្រូវបំផុតក្នុងការទទួលទានអាហារទាំងបីពេលប្រចាំថ្ងៃ។
អាហារពេលព្រឹក
ក្នុងចំណោមអាហារទាំង៣ពេលប្រចាំថ្ងៃ អាហារពេលព្រឹកគឺសំខាន់ជាងគេ ដោយសារតែរាងកាយទាំងមូលបានរំលាយអាហារចាស់អស់ បង្កើតនូវថាមពល និងសារធាតុចិញ្ចឹមពីអាហារថ្មីបន្តទៀត។ ម៉ោងដែលត្រឹមត្រូវនិងល្អបំផុតសម្រាប់ទទួលទានគឺនៅចន្លោះពីម៉ោង៧ដល់ម៉ោង៨ព្រឹក (៣០នាទីក្រោយពេលភ្ញាក់ពីគេង)។

អាហារថ្ងៃត្រង់
ចាប់ពីចន្លោះម៉ោង១១:៣០ ដល់ម៉ោង១រសៀល គឺពេលត្រឹមត្រូវសម្រាប់បរិភោគអាហារថ្ងៃត្រង់ (៤ម៉ោងបន្ទាប់ពីញ៊ាំអាហារពេលព្រឹក) បើសិនជាអ្នកបរិភោគយឺតជាងនេះ ក្រពះរបស់អ្នកនឹងដំណើរការមិនស្រួល ការទទួលយកអាហារក៏មិនសូវល្អ ធ្វើឲ្យអ្នកចេះតែអស់កម្លាំងដោយមិនដឹងពីមូលហេតុ។
អាហារពេលល្ងាច
ភាគច្រើនមនុស្សមួយចំនួនចូលចិត្តបរិភោគអាហារពេលល្ងាចរាងយប់ជ្រៅបន្តិច ប៉ុន្តែពេលវេលាដែលល្អបំផុតគឺនៅចន្លោះម៉ោង៦ ដល់ម៉ោង ៩យប់ (មុនពេលគេងឲ្យបាន៣ម៉ោង) ប៉ុន្តែប្រសិនបើអ្នកបរិភោគយឺតជាងនេះ អាចប្រឈមនឹងការឡើងទម្ងន់កាន់តែលឿន និងការរំលាយអាហារមិនសូវបានល្អ ដូច្នេះសម្រាប់អ្នកដែលទម្លាប់ទទូលទានមិនទៀងពេល គួរតែឆាប់កែទម្លាប់ចាស់ចោលភ្លាមទៅ ដើម្បីចៀសពីបញ្ហាសុខភាពផ្សេងៗ។

ជួយប្រាប់វិញផងណា៎! អ្នកញ៊ាំអាហារទៀងម៉ោងដូចខាងលើទេ?