សេដ្ឋកិច្ចហុងកុងធ្លាក់ចុះជាង 6 ភាគរយ ប៉ុន្តែទ្រព្យកំពូលសេដ្ឋីទាំង50រូបបញ្ចូលគ្នាកើនឡើងជាង 331 ពាន់លានដុល្លារ
បរទេស៖សេដ្ឋកិច្ចក្រុងហុងកុងត្រូវបានបង្ហាញជាផ្លូវការកន្លងមកថាបានធ្លាក់ចុះដល់ទៅ 6.1 ភាគរយកាលពីឆ្នាំ2020 ដែលជាអត្រាធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ1998 ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបើនិយាយពីទីផ្សារភាគហ៊ុនវិញគឺបានកើនឡើងគួរឲ្យចាប់អារម្មណ៍ដោយយោងទៅតាមសន្ទស្សដែលចេញដោយ
Hang Seng Index បានបញ្ជាក់ថារយៈពេល 13 ខែចុងក្រោយនេះគឺមានកំណើនប្រមាណជា 5 ភាគរយដែលវាបានជួយរុញឲ្យកំពូលសេដ្ឋីមានជាងគេរបស់ហុងកុងកើនឡើងខ្លាំងធៀបទៅនឹងឆ្នាំចាស់។
Forbes ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា សេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ហុងកុងទាំង 50 នាក់មានលុយសរុបបញ្ចូលគ្នាកើនឡោះងដល់ទៅ 331 ពាន់លានដុល្លារកាលពីឆ្នាំ2020 ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា 7.1 ភាគរយបើធៀបទៅនឹងឆ្នាំ2019 ដែលមានត្រឹមតែ 308 ពាន់លានដុល្លារ។
នៅក្នុងនោះគេមើលឃើញផងដែរថា សេដ្ឋីអចលនទ្រព្យស្ទើរតែពាក់កណ្តាលគឺមិនអាចស្វែងរកឃើញប្រាក់ចំណេញឡើយសម្រាប់ឆ្នាំ2020 ដោយសារតែបញ្ហារាតត្បាតនៃកូវីដ ដែលបានប៉ះពាល់ដល់ការលក់អចលនទ្រព្យនៅក្នុងទីក្រុងយ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក្តី បើក្រឡេកទៅមើលសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតជាងគេនៅហុងកុងនេះ សម្រាប់លោក Li Ka-shing នៅក្នុងឆ្នាំ2020លោកបានបង្កើនទ្រព្យរហូតទៅដល់ 20 ភាគរយគឺស្មើនឹងប្រមាណជាង35.4 ពាន់លានដុល្លារ ដោយសារតែការទិញភាគហ៊ុនជាច្រើនពីក្រុមហ៊ុន Zoom កំពុងពេលផ្ទុះខ្លាំងនៃភាពប្រឈមជំងឺកូវីដកាលពីពាក់កណ្តាលឆ្នាំ2020៕