របរចិញ្ចឹមចៀមងាយៗ តែផ្ដល់ផលបានច្រើនលើសលប់
កំពង់ឆ្នាំង ៖ ប្រជាកសិករខ្មែរភាគច្រើននិយមចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក គោ ក្របី ជាដើមដើម្បីទ្រទ្រង់ជីវភាពជីវភាពគ្រួសារ ក៏ដូចជាការប្រើប្រាស់ដើម្បីជាជំនួយកម្លាំងក្នុងព្យួររាល់ផងដែរ។ ប៉ុន្តែបងប្អូនមិនទាន់ដឹងទេថា ក្រៅពីសត្វទាំងអស់ខាងលើ ប្រទេសកម្ពុជាក៏អាចចិញ្ចឹមសត្វចៀមបានយ៉ាងល្អ និងអាចទទួលផលបានច្រើនលើសពីការស្មាន។
លោក ប៊ុន ចាន់វីរៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណជាង10ហិចតា។ លោកបានប្រាប់ពីមូលហេតុដែលគាត់ចិញ្ចឹមចៀមថា៖« ខ្ញុំចិញ្ចឹមចៀម ដោយសារពួកខ្ញុំគិតថាវាថ្មី ប្លែក យើងចង់សាកល្បងចិញ្ចឹមចៀមដោយសារតែគោគេចិញ្ចឹមច្រើនហើយ ឯសាច់ចៀមក៏ពេញនិយមនៅប្រទេសគេ គេចិញ្ចឹមយកសាច់ ហើយតម្លៃរបស់វាថ្លៃជាងសាច់គោទៅទៀត។
មួយវិញទៀត ប្រទេសខ្លះគេរៀបចំរមណីយដ្ឋានឱ្យភ្ញៀវមកលេង ហើយយើងក៏មានគម្រោងបង្កើតរមណីយដ្ឋានផង អ៊ីចឹង ទម្រាំយើងធ្វើហើយ យើងមានចៀមច្រើន អាចទទួលភ្ញៀវគាត់មកលេងបានតែម្ដង។ ចៀមជាសត្វស្រួលចិញ្ចឹម វារស់នៅជាហ្វូង ហើយអាកាសធាតុក្ដៅក៏គ្មានបញ្ហា ដោយយើងចិញ្ចឹមពូជយកសាច់ មិនត្រូវការអាកាសធាតុត្រជាក់ដូចពូជយករោម និងយកទឹកដោះទេ»។
ម្ចាស់កសិដ្ឋានរូបនេះបានប្រាប់ផងដែរថា គាត់រៀនបច្ចេកទេសចិញ្ចឹមចៀមនេះដោយខ្លួនឯងនៅផ្ទះលក្ខណៈជា homeschool ដែលយើងអាចទិញមេរៀនគេមករៀនដោយខ្លួនឯងបាន។ មួយវិញទៀត ដោយសារលោកកាន់សាសនាគ្រឹស្ត និងមានមិត្តភក្ដិជាជនជាតិបរទេសច្រើននៅក្នុងសមាគមផង លោកក៏ទទួលបានចំណេះដឹងពីមិត្តរបស់លោកបានខ្លះផងដែរ។ ក្រៅពីនេះ គាត់ក៏ធ្លាប់ទៅសិក្សាជំនាញកសិកម្មវគ្គខ្លីៗនៅក្រៅប្រទេសដូចជា ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមជាដើម។
លោក ចាន់វីរៈ បានចាប់ផ្ដើមដំណើរការចិញ្ចឹមដំបូងកាលពី 3ឆ្នាំមុន ដោយចាប់ផ្ដើមពីសត្វចៀមញី10ក្បាល និងឈ្មោល1ក្បាលក្នុងទំហំដើមទុនប្រមាណ 3,300ដុល្លា ដោយសត្វចៀមមួយក្បាលមានតម្លៃប្រមាណ300ដុល្លា។ ដំបូងឡើយ លោកបានធ្វើទ្រង់បណ្ដោះអាសន្ន ដោយប្រើរោងដាក់ឥវ៉ាន់មានដំបូល និងព័ទ្ធសំណាញ់ធម្មតាៗប៉ុណ្ណោះ។ ចំណែកការឱ្យចំណីគាត់បានប្រលែងចៀមឱ្យទៅស៊ីស្មៅនៅចំការដូងរបស់គាត់ ពោលគឺការចិញ្ចឹមចំណាយអស់ភាគច្រើនតែទៅលើការទិញពូជប៉ុណ្ណោះ ហើយចំណីគឺងាយស្រួលណាស់ វាអាចស៊ីបានទាំងស្មៅធម្មជាតិ ស្មៅដាំ ស្មៅក្រៀម ឬស្លឹកឈើក៏បាន។
ចំពោះដំណើរការចិញ្ចឹមត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ថា សត្វចៀមជាសត្វដែលស្រួលចិញ្ចឹម ហើយឆាប់បានផលទៀតផង។ តួយ៉ាង កាលដែលគាត់ចាប់ផ្ដើមដំបូងត្រឹមតែរយៈពេល 5ខែ ចៀមញីកើតកូនដែលមានន័យថា វាអាចមានកូនបាន 2ដងក្នុងឆ្នាំ។ លុះដល់កូនដែលកើតមកនោះមានអាយុត្រឹម 6-8ខែ វាក៏ចាប់ផ្ដើមរកបង្កាត់ពូជពោលគឺតែ1ឆ្នាំទៅ 1ឆ្នាំ2ខែ វាក៏ចាប់ផ្ដើមកើតកូនដែរ។ ឯចៀមឈ្មោល ត្រឹម 6-8ខែក៏អាចបង្កាត់ពូជបាន តែបើមានឈ្មោលច្រើន យើងអាចលក់ចេញ ព្រោះចៀមញី 20-30 ក្បាលត្រូវការតែឈ្មោល1ក្បាលប៉ុណ្ណោះ។ ត្រឹមអាយុខាងលើចៀមមានទម្ងន់ជាមធ្យម 30គីឡូក្រាម ឯការលក់ក្នុងទីផ្សារគឺ 1គីឡូក្រាមមានតម្លៃ 7-8ដុល្លាដែលអាចទូរទាត់បានថា ចៀមមួយក្បាលលក់បានតម្លៃពី 210-240 ដុល្លា។
មកដល់ពេលបច្ចុប្បន្ន កសិដ្ឋានរបស់លោកកំពុងផ្ទុកនូវចៀមប្រមាណ500ក្បាល ក្នុងនោះមាន300ក្បាលសម្រាប់ចិញ្ចឹម និង 200ក្បាលទៀតសម្រាប់លក់។ ជាមួយគ្នានេះ លោកក៏មានគម្រោងពង្រីកកសិដ្ឋានដោយបន្ថែមមេដល់600ក្បាល និងកូន 600ក្បាល ខណៈដែលសព្វថ្ងៃកំពុងពង្រីកការដាំស្មៅប្រមាណជាង20ហិចតាបន្ថែមទៀត។ លោកបានប្រាប់បន្ថែមថា សម្រាប់វាលស្មៅធម្មជាតិក្នុង 1ហិចតា អាចប្រលែងចៀមឱ្យស៊ីបាន 20ក្បាល ឯស្មៅដាំវិញគេអាចដាក់ចៀមបានពី 60-100 ក្បាល។
ម្យ៉ាងវិញទៀត សត្វចៀមមានទីផ្សារល្អណាស់ ដែលធ្វើឱ្យកសិដ្ឋាននេះផ្គត់ផ្គង់តម្រូវការទីផ្សារមិនបានគ្រប់គ្រាន់នោះទេ ដោយគ្រាន់តែលក់ជាពូជឱ្យកសិករមកទិញដើម្បីចិញ្ចឹមបន្តនោះមិនគ្រប់ផង។ ចំណែកឯទីផ្សារក្រៅប្រទេសក៏មិនធម្មតាដែរ ដោយមានការចាប់អារម្មណ៍ពីហាងនៅសហរដ្ឋអាម៉េរិក ញ៉ូហ្សាលែន និងអូស្រ្តាលីទៀតផងដែរ ប៉ុន្តែម្ចាស់កសិដ្ឋានមិនអាចផ្គត់ផ្គង់តម្រូវការបាន ដោយសារសូម្បីតែទីផ្សារក្នុងស្រុកផ្គត់ផ្គង់មិនគ្រប់ផងនោះ។
សម្រាប់អ្នកដែលចង់ចិញ្ចឹមចៀមនេះ អាចូលទៅកាន់ផេកហ្វេសប៊ុក Organic Sheep Farm កសិដ្ឋានកូនចៀមធម្មជាតិ ដើម្បីមើលពីរបៀបចិញ្ចឹមដែលម្ចាស់កសិដ្ឋានបានបង្ហោះជាសាធារណៈ។ អ្នកក៏អាចទាក់ទងទិញពូជចៀមពីគាត់ផ្ទាល់បានដោយក្នុង1ក្បាលតម្លៃប្រមាណ 300ដុល្លា ដោយមានការចាក់វ៉ាក់សាំង 3មុខឱ្យរួចជាស្រេច ហើយលោកក៏រីករាយនឹងចែករំលែកចំណេះដឹង ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងឡាយណាដែលចាប់អារម្មណ៍ក្នុងការចិញ្ចឹមចៀមយកសាច់នេះ ព្រោះវាងាយស្រួលចិញ្ចឹម និងលក់បានថ្លៃ។
គួរបញ្ជាក់ផងដែរថា ម្ចាស់កសិដ្ឋានរូបនេះមិនមែនមានតែចៀមមួយមុខនោះទេ តែមានទាំងចិញ្ចឹមជន្លេន ចញ្ចឹមរុយ រួមជាមួយនឹងដំណាំចម្រុះ និងចំការដូងក្រអូបជាដើម៕