ទីផ្សារមូលបត្រ Bitcoin អាមេរិកបានធ្លាក់ថ្លៃភ្លាមៗដល់ទៅ 4 ភាគរយ
បរទេស៖តម្លៃរបស់កាក់អេឡិចត្រូនិក Bitcoin ត្រូវបានគេដឹងថាបានធ្លាក់ចុះភ្លាមៗដល់ទៅ 4 ភាគរយកាលពីថ្ងៃអង្គារម្សិលមិញបន្ទាប់ពីបេក្ខភាពប្រធានគណកម្មការមូលប័ត្រអាមេរិក ឬ SEC ថ្មីលោក Gary Gensler បានធ្វើការបញ្ជាក់ថាលោកនឹងត្រៀមកិច្ចការងារដំបូងរបស់ខ្លួនក្នុងការលុបបំបាត់ចោលនូវសកម្មភាពក្លែងបន្លំ និងឧបាយកលនៅក្នុងទីផ្សារអេឡិចត្រូនិក។
លោក Gensler បានបន្តថាកិច្ចការងារការពារចំពោះអ្នកវិនិយោគគឺជារឿងដ៏សំខាន់បំផុតហើយ SEC កំពុងស្វែងរកកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឲ្យបានថាទីផ្សាររូបិយបណ្ណអេឡិចត្រូវនិកគឺមិនមានភាពក្លែងបន្លំ និងការបោកបញ្ឆោតអ្វីនោះដែរ។
គួរឲ្យដឹងដែរថា លោក Gary Genlser គឺជាបេក្ខភាពដែលត្រូវបានណែនាំដោយប្រធានាធិបតីលោក Joe Biden នៅក្នុងតំណែងជាប្រធាននៃគណកម្មការមូលបត្រជាតិរបស់អាមេរិក SEC ហើយអ្វីដែលលោកបានធ្វើសេចក្តីថ្លែងការណ៍ម្សិលមិញនោះគឺសំដៅទៅលើ Bitcoin តែម្តង។
ជាលទ្ធផល Bitcoin ដែលមានតម្លៃនៅក្រោម 50,000 ដុល្លារកាលពីព្រឹកថ្ងៃអង្គារនោះបានធ្លាក់ចុះមកត្រឹមតែ 47,190 ដុល្លារប៉ុណ្ណោះនៅក្រោយសេចក្តីថ្លែងការណ៍របស់លោក Gensler ប៉ុន្តែទោះបីជាយ៉ាងណាក្តីបើគិតពីអត្រាកើនឡើងប្រចាំឆ្នាំនៅក្នុងឆ្នាំនេះវិញគឺមានប្រមាណជា 60 ភាគរយដដែល៕