សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca លើកទី១ នៅមន្ទីពេទ្យកាលម៉ែត្រ នាព្រឹកស្អែកនេះ
នៅព្រឹកថ្ងៃព្រហស្បត្តិ ទី៤ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca លើកទី១ នៅមន្ទីរពេទ្យកាលម៉ែត្រ ។ យោងតាមការ ប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យ ដឹងថា ប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងទទួលចាក់ វ៉ាក់សាំងនៅម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការ ធ្វើសន្និសីទសារព័ត៌មានផងដែរ ។
សូមបញ្ជាក់ថា វ៉ាក់សាំង AstraZeneca /SII ចំនួន ៣២៤.០០០ដូស ទទួលអាជ្ញាបណ្ណផលិត ដោយ វិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា បានមកដល់កម្ពុជានាយប់ថ្ងៃ២ មីនា ។ ការមកដល់ នាពេលនេះ ជាចំនួនវ៉ាក់សាំងលើកដំបូង ផ្តល់ជំនួយឲ្យកម្ពុជា ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយ សម្របសម្រួលផ្តល់ ឲ្យប្រទេសទាំងអស់ក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺ កូវីដ-១៩ ឲ្យបានឆាប់ ។ មជ្ឈមណ្ឌលកូវ៉ាក់ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភព លោក (WHO) ក្នុងភាពជាដៃគូ ជាមួយអង្គការយូនីសេហ្វ (UNICEF)។ កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិត ក្នុងចំណោមប្រទេសដំបូងគេ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំង ពីមជ្ឈមណ្ឌលកូវ៉ាក់នេះ ៕
