ទីតាំងលួចលាក់កែភេទដោយខុសច្បាប់ កែភេទបុរសទៅជាស្រ្តី និង ពីស្រ្តីទៅជាបុរស ត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានធ្វេីការបង្ក្រាបហាងឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង និង មួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ដុកទ័រ កាង ក្នុងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធការលួចលាក់កែភេទដោយខុសច្បាប់ ។

   លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃ ក្រសួងមហាផ្ទៃ ថ្លែងថា ការចុះឆែកឆេរទីតាំងលួចកែភេទទាំងនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការស៊ើបអង្កេត ហើយរកឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស និង បានលួចកែភេទបុរសទៅជាស្រ្តី និងពីស្រ្តីទៅជាបុរស ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះគឺមានលក្ខណៈទ្រង់ទ្រាយធំ ។

 ដោយឡែក លោក ទិត សួស្តី អនុប្រធានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺ មន្រ្តីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និង គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ខណៈសម្ភារៈវះកាត់ រួមទាំងលិង្គបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួនផងដែរ ។

លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បញ្ជាក់ថា អាជ្ញាធរបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងដែលជាជនជាតិវៀតណាម បុគ្គលជនជាតិខ្មែរ  និង ជនជាតិវៀតណាមមួយចំនួនទៀត ហើយនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីផងដែរ  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner