ថៃរំពឹងសេដ្ឋកិច្ចកើនឡើង 2.8 ភាគរយ ខណៈដែលវិស័យទេសចរណ៍នៅបន្តរងផលប៉ះពាល់

បរទេស៖ យោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃកាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញថាសេដ្ឋកិច្ចរបស់ថៃនឹងអាចកើនឡើងបានប្រមាណជា 2.8 ភាគរយឡើងវិញនៅឆ្នាំនេះ ខណៈដែលកំណើននេះមិនទាន់គ្រប់តាមការចង់បានរបស់ខ្លួននោះឡើយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpttayapaisith បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តីវិស័យទេសចរណ៍របស់ថៃនឹងនៅតែបន្តមានភាពខ្សត់ខ្សោយដដែលនៅក្នុងឆ្នាំនេះ ដែលវាគឺជាវិស័យស្នូលបន្ទាប់ពីវិស័យនាំចេញរបស់ប្រទេស។

លោក Arkhom ដែលបានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា៖សេដ្ឋកិច្ចរបស់ថៃឆ្នាំនេះនឹងកើនឡើងផុតពីចំណុចទាបបំផុតដែលយើងទទួលបានកាលពីឆ្នាំទៅ ប៉ុន្តែយើងមិនរីករាយទៅនឹងតួលេខនេះប៉ុន្មានទេ ពីព្រោះថាជាក់ស្តែងវាមានគម្លាតពីគ្នាតិចតួចប៉ុណ្ណោះ។

លោកបន្តថាសកម្មភាពក្នុងស្រុកនៅតែបន្តដើរតួជាកត្តាសំខាន់ក្នុងការជួយស្តារសេដ្ឋកិច្ចថៃឡើងវិញ ប៉ុន្តែវិស័យដ៏សំខាន់ដូចជាទេសចរណ៍ជាដើមគឺនៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ដោយអាចត្រូវរង់ចាំរហូតដល់ឆ្នាំ 2023 ឬឆ្នាំ 2024។

ដោយឡែកតំរូវការពីក្រៅប្រទេសក៏នៅមិនទាន់អាចកើតមានវិញនៅឡើយនៅឆ្នាំនេះ ដូចនេះហើយបានជារដ្ឋាភិបាលត្រូវតែចាំបាច់ធ្វើការវាស់វែងទៅលើការពន្លឿន និងពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជំនួសវិញ។

វិស័យទេសចរណ៍ថៃត្រូវបានគេមើលឃើញថាបានបន្តធ្លាក់ចុះខ្លាំងចាប់តាំងតែពីខែមេសា ឆ្នាំ2020មកម្ល៉េះ ហើយជាលទ្ធផលប្រៀបធៀបនៅក្នុងខែមករាឆ្នាំ 2020 ទៅខែមករា ឆ្នាំ 2019 អត្រាទេសចរណ៍បានធ្លាក់ចុះរហូតទៅដល់ 99.8 ភាគរយ។ចំណូលបានមកពីបរទេសដែលថៃទទួលបានកាលពីឆ្នាំ 2019 គឺមានកម្រិតខ្ពស់រហូតទៅដល់ 11 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP។

ជាការឆ្លើយតបគិតមកត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះរដ្ឋាភិបាលថៃបានប្រកាសចាប់ផ្តើមដំណើរការចែកចាយ និងចាក់វ៉ាក់សាំងជាលើកដំបូងនៅទូទាំងប្រទេសជាពិសេសកំពុងជំរុញការសិក្សាឲ្យមានការប្រើប្រាស់ប៉ាស្ព័រកូវីដ ឬ Covid passport ផងដែរដោយសង្ឃឹមថានឹងអាចប្រមូលអ្នកធ្វើដំណើរជាតិ និងអន្តរជាតិឡើងវិញឲ្យបាន
ឆាប់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner