៣ក្រុមប្រជែងបាន៣ពិន្ទុ សប្តាហ៍ទី៣ ពានរង្វាន់សម្តេចតេជោថ្នាក់ខេត្ត

អត្ថបទដោយ៖
សារ៉ាន ទីងី

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ ថ្នាក់ខេត្តវគ្គសន្សំពិន្ទុវិលជុំក្នុងពូលបានរកឃើញ៣ក្រុមបន្ថែមស្វែងរកបាន៣ពិន្ទុដូចគ្នា កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នាជំនួបសប្តាហ៍ទី៣ ខណៈ២ប្រកួតផ្សេងទៀតសម្រាប់សប្តាហ៍ទី៣នេះដែរត្រូវបានលើកពេលជាបណ្តោះអាសន្ន។

ចំពោះ៣ប្រកួតនេះ រួមមាន៖ ក្រុមរដ្ឋបាលខេត្តតាកែវបានប្រកួតចាញ់ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដោយលទ្ធផល ០ទល់១, ក្រុមស.ស.យ.កខេត្តពោធិ៍សាត់បានប្រកួតចាញ់ក្រុមសូហ្វីយ៉ាប៉ៃលិន ២ទល់៣ ខណៈក្រុមអធិរាជដំរីឦសានខេត្តរតនគីរីបានយកឈ្នះសមាគមកីឡាខេត្តព្រះវិហារ ដោយលទ្ធផល ៥ទល់១។

ឆ្លងកាត់៣ប្រកួត ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺមាន៧ពិន្ទុ ឈ្នះ២ ស្មើ១ ឈរលើកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល-ក ខណៈ៣ប្រកួតរបស់រដ្ឋបាលខេត្តតាកែវចាញ់ទាំង៣ប្រកួត ០ពិន្ទុ។ ៣ប្រកួតរបស់ក្រុមសូហ្វីយ៉ាប៉ៃលិន ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុឈរលេខ៣ ក្នុងពូល-ខ រីឯ៣ប្រកួតរបស់ក្រុមស.ស.យ.កខេត្តពោធិ៍សាត់ ចាញ់ទាំង៣។ ចំពោះ២ប្រកួតរបស់ក្រុមអធិរាជដំរីឦសានខេត្តរតនគីរី ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ ស្របពេលដែល២ប្រកួតរបស់សមាគមកីឡាខេត្តព្រះវិហារ ចាញ់ទាំង២ប្រកួត។

ដោយឡែកសម្រាប់២ប្រកួតសម្រាប់សប្តាហ៍ទី៣នេះដែរត្រូវបានលើកពេលការប្រកួតជាបណ្តោះអាសន្ន ដោយសារការស្ថានភាពជំងឺកូវីដ-១៩ ដែលជាការប៉ះគ្នារវាងម្ចាស់ផ្ទះខេត្តកណ្តាល និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងខេត្តព្រះសីហនុប៉ះជាមួយមន្ទីរអប់រំខេត្តកែប។ ចំពោះ៤ពូល ដែលបានប្រកួតតាមការគ្រោងទុកនោះបានបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ហើយ រីឯ២ពូលទៀត គឺនៅសល់តែ២ប្រកួតនេះ នៅក្នុងពូល-ឃ និងពូល-ង។ ការប្រកួតនៅសល់៣សប្តាហ៍ទៀតនឹងត្រូវបញ្ចប់វគ្គសន្សំពិន្ទុវិលជុំក្នុងពូលទាំង៦ ស្មើនឹង២១ក្រុមថ្នាក់ខេត្ត ដើម្បីស្វែងរកក្រុមខ្លាំងៗចំនួន១៦ឡើងទៅវគ្គ១៦ក្រុមថ្នាក់ខេត្ត។ សម្រាប់វគ្គ១៦ក្រុមថ្នាក់ខេត្តនេះ គឺ២ក្រុមលើកំពូលតារាងនៃពូលទាំង៦ ស្មើនឹង១២ក្រុមត្រូវឡើងទៅដោយស្វ័យប្រវត្តិ រីឯ៤ក្រុមទៀត គឺជាក្រុមចំណាត់ថ្នាក់លេខ៣ល្អជាងគេ ដែលត្រូវជ្រើសរើសឡើងទៅបង្រ្គប់១៦ក្រុម៕

រូបភាព ផេក ហ៊ុន សែ ន ខាប់

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner