សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងឯកឧត្តម លោកជំទាវជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិការនៃសភាជាតិជាច្រើនរូបទៀត បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

វ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ បានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសយកថ្ងៃនេះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្របខណ្ឌទូទាំងប្រទេស។ សម្តេចបញ្ជាក់ថា ការប្រកាសចាប់ផ្តើមយុទ្ធនាការនេះ គឺដោយសារកម្ពុជា ទើបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដែលវ៉ាក់សាំងប្រភេទនេះ អាចចាក់បាន ទៅលើមនុស្សអាយុក្រោម៥៩ឆ្នាំផង និងមនុស្សដែលមានអាយុលើសពី៦០ឆ្នាំផង ខណៈវ៉ាក់សាំង Sinopharm ដែលកម្ពុជា ទទួលបានជាជំនួយរបស់ចិន កាលពីដើមខែមីនាកន្លងទៅ កំណត់ចាក់ត្រឹមអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ប៉ុណ្ណោះ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាទិភាពដល់មន្ត្រីការទូត និងមន្ត្រីនៃការអង្គការអភិវឌ្ឍន៍នានា ដែលកំពុងបម្រើការងារនៅកម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩ គឺវ៉ាក់សាំង អាស្ត្រាហ្សីណេកា ដែលកម្ពុជា ទើបទទួលបានពីមជ្ឈមណ្ឌលកូវ៉ាក់។ ក្រៅពីមន្ត្រីការទូត និងមន្ត្រីនៃអង្គការអភិវឌ្ឍន៍, សម្តេចតេជោ ក៏បានប្រកាសផងដែរថា ជនជាតិបរទេសទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏នឹងទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ទៅតាមលំដាប់លំដោយ ដូចប្រជាពលរដ្ឋខ្មែរផងដែរ ដែលការចាក់នោះ នឹងមិនគិតលុយនោះទេ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ត្រឹមខែឧសភានេះ កម្ពុជាយើង នឹងអាចទទួលបានវ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៤លាន ២សែនដូស ដែលអាចចាក់បានមនុស្ស ២លាន ១សែននាក់។ ម្នាក់ ត្រូវចាក់ ២ដូស។ សម្តេច ថា បន្ទាប់ពីកម្ពុជាយើង ទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ តាមយន្តការ Covax របស់អង្គការសុខភាពពិភពលោកហើយ ជាង ១លានដូស ត្រឹមខែឧសភា គឺយើងនឹងបញ្ជាទិញ ១លានដូសថែមទៀត។ ពីចិនក៏ដូចគ្នា ក្រៅពីយើងទទួលជំនួយពីចិន ១លានដូសហើយ យើងក៏នឹងបញ្ជាទិញវ៉ាក់សាំងពីចិន ១លានដូសថែមទៀត។ ដូច្នេះត្រឹមឆមាសទី១ ឆ្នាំ២០២១ យើងនឹងទទួលបានវ៉ាក់សាំងកូវីដ ៤លាន ២សែនដូស។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីលទ្ធភាពនៃការស្វែងរកជំនួយ និងទិញវ៉ាក់សាំងបន្ថែមពីប្រទេសអាមេរិក រុស្ស៊ី ជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជំរុញឲ្យមានការចាក់វ៉ាក់សាំងឲ្យបានច្រើន និងកុំឲ្យហួសដឺឡេលើវ៉ាក់សាំង ដែលយើងទទួលបានទាំងនោះ។
គិតមកដល់ពេលនេះ កម្ពុជាយើង ទទួលបានវ៉ាក់សាំងកូវីដ សរុប ៩២៤០០០ដូសហើយ គឺវ៉ាក់សាំងពីចិន Sinopharm ៦០ម៉ឺនដូស និងវ៉ាក់សាំង AstraZeneca ៣២៤០០០ដូស។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងសុខាភិបាល រៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដែលមានអាយុ៦០ឆ្នាំឡើង ក្នុងការចាក់ជាបន្ទាន់។ សម្តេចបានបញ្ជាក់ថា ការចាក់ក្នុងលក្ខខណ្ឌបន្ទាន់នេះ ដោយសារវ៉ាក់សាំង AstraZeneca នេះ ត្រូវផុតសុពលភាព ត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ពោល គឺមានសុពលភាពតែ ៦ខែប៉ុណ្ណោះ ខណៈស៊ីណូហ្វាម មានសុពលភាពដល់១ឆ្នាំ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានរាជធានី-ខេត្តអទិភាពចំនួន៣ ដែលត្រូវបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាននៅក្នុងខេត្តទាំង៣នាក់នោះ។ សម្ដេច បានឲ្យដឹងទៀតថា រាជធានី-ខេត្តទាំង៣នោះ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, និងខេត្តព្រះសីហុន ហើយការផ្ដល់អទិភាពដល់រាជធានី-ខេត្តទាំង៣នេះ ក៏ព្រោះវីរុសកូវីដ-១៩បាននឹងកំពុងរាតត្បាតខ្លាំងជាងគេ។

នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សាលារៀនទាំងរដ្ឋ ទាំងឯកជន ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ នឹងបន្តបិទជាបណ្ដោះអាសន្ន បន្ទាប់ពីផ្អាកតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា និស្សិតខ្មែរ ដែលរៀននៅក្រៅប្រទេស ហើយមិនទាន់ទទួលវ៉ាក់សាំងកូវីដ សូមឲ្យមកចាក់វ៉ាក់សាំង ដើម្បីវិលត្រឡប់ទៅរៀននៅក្រៅប្រទេសវិញ។ ក្នុងនោះ មាននិស្សិតខ្មែរ រៀននៅចិន ដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ សូមឲ្យមកចាក់វ៉ាក់សាំង ដើម្បីវិលត្រឡប់ទៅរៀននៅក្រៅប្រទេសវិញ។ ក្រុមនិស្សិតយើង ចាក់វ៉ាក់សាំង Sinopharm ដែលមានរយៈពេលចាក់ចន្លោះពីលើកទី១ ទៅលើកទី២ ត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ ខណៈដែលវ៉ាក់សាំង AstraZeneca ត្រូវការរយៈពេលពី ៤សប្តាហ៍ ទៅ ១២សប្តាហ៍។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គោលនយោបាយប្រឆាំងចិន នៅកម្ពុជា គឺផ្កាប់មុខ។ សម្តេច បានថ្លែងដូច្នេះថា ដោយសារតែមានការរិះគន់ពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ ដែលចិនបានផ្តល់ឲ្យកម្ពុជា ហើយសម្តេចនាយករដ្ឋមន្ត្រី មិនចាក់របស់ចិន បែរជាចាក់វ៉ាក់សាំងរបស់អង់គ្លេស ដែលផលិតនៅឥណ្ឌា AstraZeneca។ ករណីនេះ នៅប្រទេសថៃ ក៏កើតឡើងដូចកម្ពុជាដែរ គឺថៃ ទទួលវ៉ាក់សាំងចិន ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ ចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមអាស៊ាន ១០ ប្រទេស គឺមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងឡាវ ដែលបានប្រើប្រាស់វ៉ាក់សាំងចិន។ មានន័យថា អាស៊ាន ១០ប្រទេស បានប្រើប្រាស់វ៉ាក់សាំងចិន ច្រើនជាងវ៉ាក់សាំងប្រទេសដទៃ។ ហេតុអីបានមិនទៅជេរគេ មកជេរតែកម្ពុជា? រឿងវានៅកន្លែងហ្នឹង បានខ្ញុំឈប់តមាត់ ព្រោះនិយាយអត់ស្តាប់គ្នាបាន! ធ្វើអីក៏ខុស។ សួរថា អង្គការសុខភាពពិភពលោក ដែលបានប្រកាសប្រឆាំងចិន រឿងវ៉ាក់សាំងនេះទេ? នៅលើពិភពលោក គេសហការគ្នា។ វ៉ាក់សាំងចិន ចេញទៅប្រទេសដទៃ ច្រើនជាង AstraZeneca ផង។ សូម្បីតែប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ក៏ប្រើវ៉ាក់សាំងរបស់ចិនដែរ។ ម៉េចក៏គេគ្មានកំហុស? ហេតុអីបានជាកម្ពុជា មានកំហុស?។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «គេថាវ៉ាក់សាំងចិន ចាក់ទៅនឹងស្លាប់ប្រជាជនកម្ពុជា ហើយចាក់ទៅវានឹងស្វិតដៃស្វិតជើង។ អីចឹង ល្អហើយ សម្រាប់អ្នកឯង! ខ្ញុំប្រាប់ទៅម្តងទៀត! ព្រោះអ្នកឯង ចង់ឲ្យកម្លាំងគាំទ្ររដ្ឋាភិបាល ងាប់ បាត់បង់កម្លាំង។ អីចឹងវាត្រូវចិត្តអ្នកឯងហើយ។ អ្នកឯងគួរតែអបអរសាទរទៅ។ ហ៊ុន សែន ជិតងាប់ហើយ រាប់ទាំងកូនរបស់ហ៊ុនសែន ទាំងអស់ ជិតងាប់ហើយ ព្រោះវាទទួលវ៉ាក់សាំងរបស់ចិន វាមិនងាប់ ឬក៏វាស្វិតដៃស្វិតជើង។ ប្រសិទ្ធភាពវ៉ាក់សាំង! វ៉ាក់សាំងណា ក៏ដូចវ៉ាក់សាំងណាដែរ។ វាមានប្រសិទ្ធភាពខុសគ្នាតិចតួច»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា «នយោបាយប្រឆាំងចិន នៅកម្ពុជា វាផ្កាប់មុខ។

ក្នុងពេលដែលចិនមិនប្រឆាំងនឹងប្រទេសណាមួយ។ យើងត្រូវការគ្រប់! ចិនក៏យក មកពីអង់គ្លេសក៏យក មកពីអាមេរិក ក៏យក ឲ្យតែឲ្យ ហើយសមស្របជាមួយនឹងអ្វីនៃស្ថានភាពប្រទេសយើង។ យើងអរគុណណាស់ ប្រទេសនានា ដែលជួយតាម Covax ផង ដូចជាអូស្ត្រាលី ផ្តល់ឲ្យយើង ២៨លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំង ហើយសប្បុរសជននៅក្នុងប្រទេសរបស់យើង រាប់ទាំងព្រះមហាក្សត្រ ហ្លួងម៉ែ ឧកញ៉ា និងប្រជាពលរដ្ឋ ចូលជាង ៥៧លានដុល្លារអាមេរិក។ អីចឹងចំនួនប្រាក់ ដែលយើងត្រូវទិញវ៉ាក់សាំងនេះ យើងប្រើថវិកា ដែលបានមកពីសប្បុរសជនរបស់យើង បន្ទាប់ទៅយើងនឹងប្រើជំនួយពីអូស្ត្រាលី និងឥណទានចេញពីធនាគារអភិវឌ្ឍន៍អាស៊ី ថវិកាជាឥណទានមកពីជប៉ុន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ឥឡូវនេះ កុំខ្វល់ថា វ៉ាក់សាំងណា ត្រូវខ្វល់ថា មានវ៉ាក់សាំង ចាក់ឬអត់? លើការជាក់ស្តែង ឥឡូវនេះ Covax មិនទាន់មានលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងទៅដល់គ្រប់ប្រទេស នៅឡើយទេ។ ជាមួយនឹងការលើកឡើងខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីយុទ្ធសាស្ត្ររាក់កំផែលរបស់ក្រុមប្រឆាំងលើបញ្ហាវ៉ាក់សាំងចិនថា «នៅពេល ដែលយើងទទួលបានវ៉ាក់សាំងពីចិនមក គេប្រកាសថា កុំចាក់ ព្រោះវ៉ាក់សាំងនេះ គេយកមកសម្លាប់ប្រជាជនខ្មែរ។ ដល់ពេលណាមួយ ដែលយើងខ្វះវ៉ាក់សាំង ពេលនោះ គេនឹងដាក់ការទាមទារថា ធ្វើរដ្ឋាភិបាល រកវ៉ាក់សាំងចាក់ប្រជាជន អត់បាន។ ក្បួនប្រឆាំងរបស់គេ គឺបែបនេះឯង»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្រៅពីវ៉ាក់សាំងដែលកម្ពុជាបានទទួល កម្ពុជា ក៏បានកុម្ម៉ង់ទិញវ៉ាក់សាំងបន្ថែមទៀត ក្នុងនោះ ១លានដូសពីប្រទេសឥណ្ឌា និង ១លានដូស ពីប្រទេសចិន។ ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងផែរថា ក្រៅពីវ៉ាក់សាំងផលិតនៅប្រទេសឥណ្ឌា និងប្រទេសចិន សម្តេចក៏បានណែនាំឱ្យក្រុមការងារពិនិត្យមើលលទ្ធភាពក្នុងទិញវ៉ាក់សាំងពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបន្ថែមទៀតផងដែរ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ៕ ដោយលោក ព្រហ្ម វិចិត្រសុភា និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner